ជាមួយនឹងកិច្ចព្រមព្រៀងរាប់សិបពាន់លានដុល្លារក្នុងការលក់យន្តហោះចម្បាំង F-15 ឲ្យទៅកាតារ អាមេរិកបន្តស្នើឲ្យ ប្រទេសនេះទិញនាវាចម្បាំង LCS បន្ថែម ទៀត។
ឈ្មួញសង្គ្រាមលក់អាវុធគឺសំខាន់ៈ
ប្រទេសមហាអំណាចពិតជាទទួល បានផលប្រយោជន៍ជាច្រើនពីវិវាទនៅលើពិភពលោក ពិសេសគឺប្រទេសអ្នកមាន ដូចជានៅតំបន់អារ៉ាប់ជាដើម។ កន្លងមក អាមេរិកបានព្រមព្រៀងលក់អាវុធមាន តម្លៃជាង ១០០ពាន់លានដុល្លារឲ្យទៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងនៅពេលនេះ អាមេរិកបានបន្តលក់អាវុធទៅឲ្យប្រទេសកាតារមានតម្លៃរាប់សិបពាន់លានដុល្លារទៀត។នៅពេលនេះកាតារចាំបាច់ត្រូវតែ ចំណាយប្រាក់បង្កើនការទិញអាវុធមកការពារខ្លួនខ្លាចរងការវាយប្រហារពីប្រទេស ជិតខាង។ ចំណុចទាំងនោះហើយទើបអា មេរិក និងប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជាបារាំងនៅស្ងៀមមិនលូកដៃជួយដោះស្រាយវិវាទទាំងនោះ។ វិវាទកាន់តែអូស បន្លាយយូរ អាមេរិកកាន់តែរកបានផល ប្រយោជន៍ជាច្រើនពីការលក់អាវុធ។
គេហទំព័រ Defense News បានផ្សាយ ថា ក្រោយពេលកាតារទិញយន្តហោះ ចម្បាំង F-15៣៦គ្រឿង មានតម្លៃជាង១២ ពាន់លានដុល្លារមក អាមេរិកបន្តស្នើឲ្យ កាតារទិញនាវាចម្បាំងបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះអាមេរិកបានបញ្ជូននាវាទៅចូលរួមធ្វើសមយុទ្ធជាមួយកាតារផងដែរដើម្បីបង្ហាញការគាំទ្រដល់ប្រទេសនេះ។
ទាំងនោះគឺជាភាពឆ្លាតវៃរបស់អាមេរិក ប្រសិនបើអាមេរិកមិនគាំទ្រដល់ប្រទេសកាតារទេនោះ រុស្ស៊ី អុីរ៉ង់ នឹងដណ្តើមយក ជាមិនខាន។ នៅពេលដែលមានវិវាទភ្លាម រុស្ស៊ី និងអុីរ៉ង់ បានបញ្ជូនយន្តហោះដឹក ទំនិញទៅកាន់កាតារជាការបង្ហាញថា អុីរ៉ង់ និងរុស្ស៊ីគាំទ្រកាតារ។ ចំណែកអារ៉ាប៊ី សាអ៊ូឌីតវិញ ជាសត្រូវរបស់កាតារ ទាំង នោះហើយទើបអុីរ៉ង់ ចង់មានសម្ពន្ធមិត្ត យុទ្ធសាស្ត្រនៅក្បែរអារ៉ាប៊ី សាអ៊ូឌីត។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចូល រួមធ្វើសមយុទ្ធរបស់អាមេរិកគឺមានទ្រង់ទ្រាយធំបំផុតនៅតំបន់មជ្ឈិមបូពា៌ ដោយ មានទាហានជាង១១ពាន់នាក់ និងយន្ត ហោះចម្បាំងជាង ១០០គ្រឿងចូលរួម។
នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីការចរចារវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុង ដូហា ក្នុងការទិញលក់នាវាចម្បាំង LCS នោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៧ កាតារបានចាប់ អារម្មណ៍យ៉ាងខ្លាំងទៅលើនាវាចម្បាំង ប្រភេទនេះ។
ការដែលអាមេរិកស្នើឲ្យកាតារទិញ នាវាចម្បាំង LCS គឺក្រោយពេលដែល អាមេរិកបានស្នើដល់អារ៉ាប៊ី សាអ៊ូឌីត ទិញ នាវានេះដែរ តែទីក្រុងរីយ៉ាដមិនចាប់ អារម្មណ៍។ រដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីត បានសម្រេចបដិសេធទិញនាវាចម្បាំង LCS ជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin របស់អាមេរិក។
ទោះបីអារ៉ាប់ប៊ី សាអ៊ូឌីត មិនទិញនាវា LCS ក៏ដោយ តែកម្លាំងទាហានជើងទឹក ប្រទេសនេះបានឡើងគម្រោងទិញនាវា ចម្បាំងធុនធំ MMSC ៤គ្រឿង និងនាវា ចម្បាំងធុនតូច៦គ្រឿង ដោយនាវាទាំង អស់នេះមានទីតាំងសម្រាប់ឧទ្ធម្ភាគចក្រចុះចត និងឧទ្ធម្ភាគចក្រប្រភេទ Sikorsky MH-60R ផលិតដោយក្រុមហ៊ុន Lockheed Martin។
បច្ចុប្បន្នអាមេរិក និងអារ៉ាប៊ី សាអ៊ូឌីត បានពិភាក្សាគ្នាទិញនាវាចម្បាំង MMSC និងអាវុធការពារជាច្រើនផ្សេងទៀត ព្រមទាំងការហ្វឹកហាត់ដល់ទាហានជើងទឹក អារ៉ាប៊ី សាអ៊ូឌីត ផងដែរ។
នៅពេលនេះអាចនិយាយបានថា អាមេរិកទទួលបានផលប្រយោជន៍ទាំង សងខាង ទាំងកាតារ និងអារ៉ាប៊ី សាអ៊ូឌីត។ ប្រសិនបើប្រទេសទាំង២មានការផ្ទុះសង្គ្រាមនឹងគ្នានោះ ពិបាកក្នុងការយកចាញ់ឈ្នះ ណាស់ ពីព្រោះអាវុធដែលប្រើប្រាស់នៅ ក្នុងសង្គ្រាមនោះគឺជាអាវុធរបស់អាមេរិកទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធសាស្ត្រ និងការហ្វឹកហាត់ដល់កងទ័ពប្រទេសទាំង ២ គឺចេញពីគ្រូតែមួយ។
អារ៉ាប៊ី សាអ៊ូឌីត និងកាតារជាប្រទេស សេដ្ឋី មានប្រាក់ជាច្រើន ដូច្នេះហើយទើបអាមេរិកជំរុញឲ្យទិញអាវុធ។ ចំណុចទាំងនោះហើយទើបក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា អាមេរិកជាអ្នកមានចេតនា បង្កឲ្យមានវិវាទរវាងកាតារ នឹងអារ៉ាប៊ី សាអ៊ូឌីត។ អាមេរិកមានកម្លាំងទាហាន និងទីបញ្ជាការនៅកាតារ ហើយកាតារ ផ្តល់ប្រាក់ទៅឲ្យក្រុមភេរវកម្មអាមេរិកពិតជាបានដឹងតាំងពីដំបូង តែអាមេរិកធ្វើមិន ដឹង ហើយការបែកធ្លាយរឿងនេះ ក៏ជាចេតនារបស់អាមេរិកដើម្បីឲ្យកាតារចំណាយប្រាក់ដ៏ច្រើនរបស់ខ្លួនមួយចំនួនមកទិញអាវុធពីអាមេរិក៕ ម៉ែវ សាធី