ខេត្តពោធិ៍សាត់៖ យោធាដែលគេអះអាងពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារ(វាយដំប្រពន្ធតាំពីទើបនឹងមានកូនចំនួន ១នាក់គត់ រហូតដល់បច្ចុប្បន្នមានកូនចំនួន ៣នាក់) ត្រូវបានអង្កភាពធ្វើការអប់រំញឹកញយរាប់មិនអស់នៅតែមិនកែ ទើបសម្រេចចាប់ខ្លួនយកមកប្រគល់ឲ្យមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីតាមលំដាប់លំដោយ។
ហេតុការណ៍បង្កឡើងដោយលោកប្តីរាប់មិនអស់ខាងលើនេះ បានអនុវត្តឡើងនៅម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនបង្កនៅក្បែរបន្ទាយទាហាន ស្ថិតក្នុងភូមិឈើទាល ឃុំត្នោតជំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ទោ ហេង ប៊ុនណ្ណា នាយការិយាល័យបទល្មើសព្រហ្មទណ្ឌស្តីទី នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនប្រព្រិត្តជាប្តីឈ្មោះ ចេក រ៉ាន់ ហៅផ្លោក ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរទាហាន មានឋានន្តរសក្ក័អនុសេនីយ៍ត្រី អត្តលេខ ២១៨៦៣៧ នៅអង្កភាពកងពលតូចអន្តរាគមន៍លេខ ១៤ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិឈើទាល ឃុំត្នោតជំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ) មានប្រពន្ធឈ្មោះ សឹុម ចាន់ណា អាយុ ៣០ឆ្នាំ មានកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុះគ្រួសារ។
លោក អនុសេនីយ៍ទោ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌស្តីទីបន្តថា ជនសង្ស័យបង្កត្រូវបានប្រធានអង្កភាពរបស់ខ្លូនឃាត់ និងនាំយកមកប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បន្តនីតិវិធី រួមទាំងវត្ថុតាងដូចជាដំបងឬស្សី.ពូថៅជាដើម ប៉ុន្តែគ្មានដីកា និងបណ្ដឹងអនោះទេ ខណៈត្រូវបានប្រធានអង្កភាពអះអាងជនបង្កជាប្តីរូបនេះ បានវាយដំធ្វើបាបប្រពន្ធដូចទាសកតាំងពីពួកគាត់ទើបនឹងមានត្រឹមកូនចំនួន ១នាក់មកម្លេះ រហូតមកដល់បច្ចុប្បន្នដែលពួកគាត់បង្កើតបានកូនប្រុសស្រីចំនួន ៣នាក់ទៅហើយនោះ ហើយអង្កភាពបានកោះអញ្ជើញហៅយកមកធ្វើអប់រំរាប់មិនអស់កែមិនឡើង ទើបសម្រេចនាំខ្លួនយកមកប្រគល់ឲ្យមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តបន្តនីតិវិធី។
លោក អនុសេនីយ៍ទោ ហេង ប៊ុនណ្ណា នាយការិយាល័យបទល្មើសព្រហ្មទណ្ឌស្តីទីនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បន្តទៀតថា ជនសង្ស័យបង្កត្រូវបានបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយនឹងត្រៀមបញ្ជូនខ្លួនជនបង្ករួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ៕ ប៉ឹម ពិន