ព័ត៌មានទាន់ហេតុការណ៍៖

ផ្លែល្ពៅថៃអនុញ្ញាតឲ្យនាំចូលតែ១៥តោនក្នុងមួយថ្ងៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ជំនួបពិភាក្សារវាងអាជ្ញា ធរជាប់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមាន បញ្ហាហាមឃាត់មិនឲ្យផ្លែល្ពៅកម្ពុជាយកចេញទៅលក់នៅទឹកដីថៃនោះ បានបិទ បញ្ចប់ ប៉ុន្តែលទ្ធផលមិនបានល្អឡើយ ដោយភាគីថៃយល់ព្រមឲ្យផ្លែល្ពៅកម្ពុជា អាចនាំចូលទៅលក់ឲ្យអាជីវករថៃតែត្រឹម១៥តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តដែលចូលរួមក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ខាងភាគីថៃបានសម្រេចឲ្យអាជីវករខ្មែរ អាចធ្វើការនាំចូលផ្លែល្ពៅបាន តែមិនឲ្យនាំចូលទម្ងន់៥០តោន ក្នុងមួយ​ថ្ងៃ ដូចអ្វីដែលអាជីវករខ្មែរលើកឡើងនោះឡើយ គឺខាងភាគីថៃតម្រូវឲ្យនាំចូលតែ​១៥តោនប៉ុណ្ណោះក្នុងមួយថ្ងៃ និងមិនឲ្យ​ អាជីវករខ្មែរទិញយកទៅគរទុកដូចសព្វដងនោះឡើយ។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលស្រុក​ជាំក្សាន្ត ក៏បានលើកឡើងឲ្យភាគីថៃពិចារណាផងដែរថា ពូជល្ពៅដែលពលរដ្ឋកម្ពុជា​ដាំនោះ គឺបានទិញពីប្រទេសថៃ ហើយ​​​​​​​​​ ចំពោះគ្រឿងចក្រដែលធ្វើកសិកម្មនោះទៀតសោត គឺប្រជាកសិករខាងកម្ពុជា បានប្រើ​ត្រាក់ទ័រគោយន្តនិងថ្នាំបាញ់សម្លាប់សត្វល្អិតដែលទទួលទិញពីប្រទេសថៃទាំង​អស់ ដូច្នេះខាងភាគីថៃគួរពិចារណាឲ្យបានស៊ីជម្រៅបន្ថែមទៀត មុននឹងធ្វើការបិទមិនឲ្យនាំចូលកសិផលរបស់ខ្មែរនោះ ។

តែយ៉ាងណាក៏ដោយលោក សុំឆែ បូរៈណៈ អភិបាលស្រុកណាំយឺន ប្រទេស ថៃបានលើកឡើងថា ដោយផ្អែកទៅលើ ការនាំផ្លែល្ពៅពីសំណាក់អាជីវករកម្ពុជា មានកំណើនកើនឡើងយ៉ាង​គំហុកបែប​នេះ ទើបខាងគយ និងក្រសួងកសិកម្មថៃ តម្រូវឲ្យអាជីវករខ្មែរ-ថៃបង់ពន្ធចូលរដ្ឋឲ្យ​ទៅ​ឲ្យភាគីថៃ មុននឹងធ្វើការនាំចូលទៅក្នុងស្រុករបស់គេ ៕ សហការី


ចែករំលែក៖