ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ដៃស្តាំ និងម្នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តុបពេទ្យបញ្ញាស័ក្ត ផ្លូវ២៧១ កែង៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបង្ក ឡើងដោយរថយន្តលាយបេតុងរបស់ក្រុមហ៊ុនហ្គោលដិន ប៊ី អេស ធី។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តបង្កហេតុបើកចេញក្នុងក្រុមហ៊ុនលាយបេតុងរបស់ក្បែរនោះ ហើយបានបុកអ្នកជិះម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសបាក់ដៃស្តាំ និងរបួសស្រាលម្នាក់ ខណៈដែលជនរងគ្រោះកំពុងឈប់ភ្លើងស្តុប។ ប្រភពសាក្សីដដែលបន្តថា ភ្លាមៗនោះរថយន្តបង្កហេតុក៏បើកត្រឡប់ក្រោយវិញក្នុងគោលបំណងរត់ចូលក្រុមហ៊ុនរបស់ខ្លួនចម្ងាយពីភ្លើងស្តុបប្រហែល៣០ម៉ែត្រ តែចូលមិនទាន់អ្នកបើកបរភ័យស្លន់ស្លោរពេកក៏ជ្រុលទៅបុកចូលផ្ទះពលរដ្ឋលក់បាយស្រូបនៅក្បែរក្រុមហ៊ុន ហើយអ្នកបើកបរចុះពីលើរថយន្តរត់ចូលក្នុងក្រុមហ៊ុនធ្វើឲ្យបងប្អូនពលរដ្ឋឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងស្តែងពេកខឹងសម្បានិងសន្តិសុខក្រុមហ៊ុនមិនឲ្យចូលចាប់អ្នកបើកបរស្ទើតែផ្ទុះហឹង្សា។
ជនរងគ្រោះម្នាក់របួសស្រាលឈ្មោះ មឿង ខេមរា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី បានប្រាប់ថា នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូចេញពីលេងផ្ទះបងប្អូននៅចាក់អង្រែ លុះមកដល់ចំណុចភ្លើងស្តុបក៏ឈប់ហើយស្រាប់តែរថយន្តបង្កហេតុលាយបេតុងនោះបុកពួកគាត់ពីក្រោយ។ ជនរងគ្រោះដដែលបន្តថា ភ្លាមៗនោះរថយន្តបង្កហេតុក៏ត្រឡប់បើករត់ចូលទៅក្រុមហ៊ុនវិញ តែជ្រុលទៅបុកផ្ទះពលរដ្ឋក្បែរនោះ។
ជនរងគ្រោះឈ្មោះ មឿង ខេមរា បាននិយាយថា ជនរងគ្រោះម្នាក់ទៀត បាក់ដៃស្តាំត្រូវជាបងជីដូនមួយ មានឈ្មោះ អាន សំអ៊ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នក់លក់នំ។ បច្ចុប្បន្នសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងដែរថា រថយន្តបង្កហេតុពាក់ស្លាកលេខភ្នំពេញ5A-0962ជារបស់ក្រុមហ៊ុនលាយបេតុង ប៊ី អេស ធី (BST)។ ចំណែក ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CO-7446។ សមត្ថកិច្ចបន្តថា ក្រោយពីធ្វើការវាស់វែងរួចទាំងរថយន្ត បង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ តាឡឹម