ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌ! វាយមួយដៃរួចប្រាប់ថា “អូនទៅជិះម៉ូតូជាមួយគេចុះ បើស្រលាញ់គេជាងបង”

ចែករំលែក៖

ភ្នំពេញ៖ ស្នេហាក្នុងភាពយុវវ័យបានធ្វើឲ្យយុវជន និងយុវតីមួយគូដែលបង្កើតចំណងស្នេហ៍ ក្នុងវ័យសិក្សាមិនបានគិតវែងឆ្ងាយនាំគ្នាពូតផ្តុំអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ តែកម្រងអនុស្សាវរីយ៍ទាំងនេះបានរលត់ទៅវិញតែមួយភ្លែតដោយសារតែកំហឹងភ្លើងប្រចណ្ឌចូលមក ដល់ ។ ដូចឃើញនៅក្នុងរូបភាពនេះ គឺយុវជនម្នាក់មានវ័យមិនទាន់ដល់២០ឆ្នាំផងបានលើកដៃវាយសង្សារវ័យក្មេងដេកដួលលើដីនៅចំពោះមុខមនុស្សឈរមើលព្រោងព្រាត ព្រោះតែក្តីប្រចណ្ឌជាមួយមិត្តភក្តិរួចនិយាយថា “អូនទៅជិះម៉ូតូជាមួយគេចុះ បើស្រលាញ់គេជាងបង”

រឿងហេតទាំងនេះបានធ្វើឲ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈតេលានៅខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមានយុវជន មួយក្រុមមានសម្លៀកបំពាក់ជាសិស្សសាលាមានប្រុសមានស្រីត្រូវជាមិត្តភ័ក្តិនឹងគ្នាប្រមាណ៧-៨នាក់និងមានអាយុត្របាលគ្នាក្រោម២០ឆ្នាំបានអង្គុយផឹកស៊ីនៅក្នុងម៉ាតតេលាខាងលើយ៉ាងសប្បាយ។ លុះពេលគិតលុយរួចពួកគេក៏នាំគ្នាចាកចេញពីម៉ាត តែពេលនោះគេឃើញសង្សារមួយគូដោយភាគីខាងប្រុសមានការអាក់អន់ចិត្តនឹងសង្សាររបស់ ខ្លួនដែលទៅស្និទ្ធស្នាលជាងខ្លួន ធ្វើឲ្យកើតក្តីប្រចណ្ឌភ្លាមមួយរពេច។មិនយូរប៉ុន្មានអ្នកទាំងពីរ បានឈ្លោះប្រកែកគ្នា ហើយភាគីបុរសបានជ្រុលលើកដៃវៃភាគីខាងស្រីដេកដួលលើដីតែម្តង។ក្រោយពេលប្រើហិង្សាដាក់ភាគីស្រីរួច បុរសនោះបានដេញសង្សារឲ្យទៅ ជិះម៉ូតូជាមួយមិត្តភ័ក្តិប្រុសដែលគេប្រចណ្ឌដាក់នោះហើយបាននិយាយថា “អូនទៅជិះម៉ូតូជាមួយគេចុះ បើស្រលាញ់គេជាងបង” ។ និយាយរួចភាគីបុរសក៏បានឡើងជិះម៉ូតូចេញទៅជាមួយមិត្តភក្តិដទៃទៀតបាត់ ដោយទុកឲ្យ នាងជាសង្សារឈរសម្រក់ទឹកភ្នែកជោកជាំ ហើយនិយាយ ទាំងក្តុកក្តួលថា “បើបងធ្វើចឹងមែននោះយើងអស់និស្ស័យជាមួយគ្នាហើយ”

សាក្សីបានឲ្យដឹងទៀតថា ពេលដែលភាគីខាងបុរសបានបើកម៉ូតូចាកចេញពីកន្លែងកើតហេតុ បានមួយសន្ទុះក៏បានវិលត្រឡប់មកយកភាគីខាងស្រីវិញ តែពេលនោះមានការប្រទាញប្រទង់គ្នាម្តងទៀត រហូតខាងបុរសទ្រាំមិនបានក៏ចាប់អូសដៃនាងជាសង្សារឡើងលើម៉ូតូរួចឌុបគ្នា ចាកចេញពីភ្នែកមហាជនឈរមើលច្រូងច្រាងបាត់ទៅ ខណៈដែលអ្នកទាំងនោះកំពុងលាន់មាត់ថា នេះឬស្នេហាយុវវ័យ ? ៕ ប្រាថ្នា

 


ចែករំលែក៖