ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចរថយន្តដឹកដីដែលឈប់មិនដាក់សញ្ញាសម្គាល់ជ្រុលទៅបុកម៉ូតូបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ខណៈយប់ងងឹតជិះគេចពីរថយន្តដឹកដីមួយគ្រឿង ដែលឈប់គ្មានដាក់ផ្លាកសញ្ញាអ្វីសម្គាល់កាលពីវេលាម៉ោង៧ព្រលប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅខាងជើងរូបគោចម្ងាយ២០០ម៉ែត្រ ក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់មិនស្គាល់ឈ្មោះបានជិះម៉ូតូហុងដា សេ ១២៦ ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរពីជើងមកត្បូង ខណៈមេឃងងឹត ស្រាប់តែឃើញរថយន្តដឹកដីមួយគ្រឿងបានឈប់ចតចោលមិនដាក់ផ្លាកសញ្ញា ធ្វើឲ្យបុរសជិះគេច ស្រាប់តែបុកម៉ូតូមួយគ្រឿងទៀតជិះដោយបុរសម្នាក់ទៀតទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូទាំងសងខាងរងរបួសធ្ងន់ស្រាលដោយ ត្រូវអ្នកភូមិរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកអន្តរាគមន៍ ជួយសង្គ្រោះហៅរថយន្តសាមុយដឹកមកកាន់គ្លីនិកឯកជនមួយកន្លែងដើម្បីព្យាបាលមុខរបួស។

ក្រោយមក សមត្ថកិច្ចនគរបាលបានវាស់វែង និងអូសយកម៉ូតូទាំង២គ្រឿងមកកាន់ប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ដើម្បីដោះស្រាយពេលក្រោយ។

អ្នកភូមិក៏បានរិះគន់ដល់ម្ចាស់រថយន្តដឹកដីមិនគួរណាទុករថយន្តឈប់ចត នៅពេលយប់មិនបានដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ថា មានឧបសគ្គនៅពីមុខ ដូចជាករណីនេះតែម្ដង ដោយគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីជិះគេចពីរថយន្តទៅបុកនឹងម៉ូតូបញ្ច្រាសគ្នាបែបនេះ ៕ យឹម សុថាន


ចែករំលែក៖