ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្ដិ៍កន្ទោកឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ពេលកំពុងល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបានប្រទះឃើញជនទាំងនោះគួរឲ្យមានការសង្ស័យក៏ឆែកឆេរ ។

ហេតុការណ៍ខាងលើនោះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី ១,ឈ្មោះ យឹម ប្រា អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅក្នុងភូមិកើតហេតុ ទី២ ឈ្មោះឈឹម សារ៉ាត់ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិអង្គ្រង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទី៣,ឈ្មោះ យ៉ាម ផាន់ណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៤,ឈ្មោះសូ សុខជា អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៥,ឈ្មោះ សួន រដ្ឋ អាយុ២៧ឆ្នាំមុខរបរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការល្បាតរួមគ្នា ដើម្បីទប់ស្កាតបទល្មើសនៅទីកន្លែងស្មុគស្មាញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈនោះបានប្រទះឃើញក្រុមជនសង្ស័យទាំងនោះក៏បានឃាត់សួរនាំនិងឈានដល់ការឆែកឆេរ បន្ទប់ដែលពួកគេស្នាក់នៅ ដែលបានរកឃើញ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន កាំភ្លើងច្នៃបាញ់គ្រាប់កង់១ដើម, គ្រាប់កង់មួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញឿនមួយចំនួន, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាក់ការបន្ត៕ សុខាសែនជ័យ


ចែករំលែក៖