ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងម៉ាស្សាផ្លូវ២០០៤តែងតែបន្លំលួចលុយភ្ញៀវនៅតែបន្តជាដដែល

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងម៉ាស្សាមួយកន្លែង ដែលល្បីខាងលួចបន្លំយកលុយភ្ញៀវជាញឹកញាប់ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ តែមិនបានប៉ុន្មាន ក៏មកបើកប្រកបអាជីវកម្ម និងលួចយកលុយភ្ញៀវជាបន្តបន្ទាប់។ ជាក់ស្តែង​ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ២០១៧​ មានបុរសម្នាក់បានចូលមកទីតាំងខាងលើ ហើយអោយនារីទាំងនោះម៉ាស្សា ខណៈកំពុងកោសខ្យល់ ស្រាប់តែស្រ្តីម៉ាស្សាបន្លំលួចលុយអស់២០០$ ទើបបង្កការភ្ញាក់ផ្អើកដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ទីតាំងខាងលើនេះ នៅតាមបណ្តោយផ្លូវ២០០៤​ ភូមិត្រពាំងល្វា​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ប្រាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេមានអការមិនស្រួលខ្លួន ក៏ជិះម៉ូតូឌុបចូលទៅរកសេវាកម្មម៉ាស្សានៅកន្លែងកើតហេតុខាងលើ ។ គ្រាន់តែចូលទៅដល់ភ្លាម នារីម៉ាស្សាបានប្រាប់គាត់ថា ស្រាតខោចេញ ហើយដេកផ្កាប់មុខទៅដើម្បីអោយនារីនោះម៉ាស្សាអោយ។ ខណៈកំពុងកោសខ្យល់ ស្រាប់តែរូបគាត់គិតថា ខ្លាចនារីទាំងនោះបន្លំលួចលុយគាត់ ក៏ស្ទុះទៅចាប់ខោបើកកាបូបបាត់លុយ ស្រាប់តែបាត់លុយនៅក្នុងកាបូបសរុប២០០ដុល្លារ ទើបរត់ទៅប្តឹងសម្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចុះណុចកើតហេតុ និងហៅនារីម៉ាស្សាទាំងនោះទៅសាកសួរនៅប៉ុស្តិ៍នគរបាលកាកាប។

គួរបញ្ជាក់ថា ទីតាំងខាងលើតែងតែបន្លំលួចលុយភ្ញៀវជាញឹកញាប់ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការតែមិនបានយូរប៉ុន្មានក្រុមនារីទាំងនោះក៏ចេញមកវិញ និងប្រកបអាជីវកម្មដដែល ឬក៏ម្ចាស់ទីតាំងខាងលើមានខ្នងជាអ្នកធំ ទើបសមត្ថកិច្ចគ្មានវិធានការដើម្បីបិទទីតាំងខាងលើ៕ សុខាសែនជ័យ


ចែករំលែក៖