ព័ត៌មានទាន់ហេតុការណ៍៖

គយធ្វើទុក្ខបុកម្នេញ ឈ្មួញធំៗដកខ្លួនរកស៊ីដឹកជញ្ជូនឆ្លងកាត់តាមច្រកអន្តរជាតិព្រំ(ប៉ៃលិន)

ចែករំលែក៖

ខេត្តប៉ៃលិន៖ ឈ្មួញធំៗ ទាំងជំនួញស្របច្បាប់ និងបង់ពន្ធមិនគ្រប់មួយចំនួនធំបានបង្ខំចិត្តដកខ្លួនពីការដឹកញ្ជូនឆ្លងកាត់ចូលតាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន បន្ទាប់ពីប្រធានសាខាគយ និងប្រធានការិយាល័យគយ និងរដ្ឋាករព្រំ មកកាន់តំណែងថ្មីមិនបានប៉ុន្មានខែផង ធ្វើទុក្ខបុកម្នេញ អាចគេសង្ស័យថា គំនាបបញ្ហាសេវាក្រោមតុ ឬក៏បង្ខំឲ្យបង់លើសពីសមត្ថភាព ការនាំចូលរបស់ពួកគេ ។

បន្ទាប់ពីក្រុមឈ្មួញដឹកទំនិញមួយចំនួនត្រូវបានដកខ្លួន បែរជាលោកសំ សុវណ្ណារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ និងលោក ទី ប៊ុនឡង់ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន បង្វែទិសដៅមកគាបសង្កត់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនមួយនេះយ៉ាងធ្ងន់ធ្ងរ គ្រាន់តែពួកគេមានមុខរបរបន្តិចបន្តួច ដឹកផ្លែឈើពីទឹកដីថៃមកលក់ក្នុងខេត្តនោះ ។ ជាក់ស្តែង កន្លងទៅបងប្អូនប្រជាពលរដ្ឋយ៉ាងតិចជាង៣០នាក់បាននាំគ្នាមកតវ៉ា នៅមុខការិយាល័យគយ និងរដ្ឋាករព្រំ ជាមួយនឹងការស្រែកទាមទារឲ្យមន្ត្រីគយទាំងនោះមានការយោគយល់ និងសម្រួលដល់ការដឹកជញ្ជូនផ្លែឈើតាមម៉ូតូ តាមរទេះរុញ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការចំណេញបន្តិចបន្តួចដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការតវ៉ានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ខណៈមន្ត្រីគយរបស់លោក សំ សុវណ្ណារិទ្ធ ចេញមុខយ៉ាងចំហរយកលុយពីប្រជាពលរដ្ឋដឹកជញ្ជូនផ្លែឈើតាមម៉ូតូ រទេះក្នុងតម្លៃ១ម៉ឺនរៀលទៅ២ម៉ឺនរៀល ។ ការប្រមូលលុយនេះមិនបានចេញវិកយបត្រសម្រាប់ពន្ធចូលរដ្ឋនោះទេ(ថ្លៃបាយគយ) ទើបធ្វើឲ្យប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។ មន្ត្រីគយក្រោមឱវាទបានបង្ហើបថា ពួកគាត់ក៏ឈឺក្បាលផងដែរ ពិសេសខ្មាស់សមត្ថកិច្ចដទៃ មិនត្រូវឲ្យមានសកម្មភាពមន្ត្រីគយអង្គុយចាំយកលុយពីប្រជាពលរដ្ឋដឹកផ្លែឈើតាមម៉ូតូ និងរទេះនោះទេ ព្រោះជាអំពើខុសច្បាប់ ។ ជាធម្មតា ការបង់ពន្ធនាំចូលផ្លែឈើពីប្រទេសថៃ អាចបង់ពន្ធបានគឺចាប់ពីការដឹកជញ្ជូនប្រភេទសាំយ៉ុងឡើង រថយន្តយីឌុប ឬរថយន្តកង់៦ មានអត្រាបង់ពន្ធច្បាស់លាស់ ដែលគណនេយ្យច្រកមួយនេះ កន្លងទៅធ្វើមានតម្លាភាព ប៉ុន្តែក្នុងតំណែងលោក សំ សុវណ្ណារិទ្ធ ជាប្រធានការិយាល័យច្រកព្រំ លោក ទី ប៊ុនឡង់ ជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ការដឹកនាំទៅជាច្របូកច្របល់ ។ មិនត្រឹមតែមេឈ្មួញធំៗដកខ្លួនប៉ុណ្ណោះទេ សូម្បីតែមន្ត្រីក្រោមឱវាទម្នាក់ៗឈឺក្បាលវិលមុខនឹងយន្តការដឹកនាំទាំងពីរ ដែលធ្វើឲ្យបាត់បង់ចំណូលពន្ធយ៉ាងច្រើនបំផុតក្នុងមួយខែៗ ប៉ុន្តែភាពធុញទ្រាន់ ការគាបសង្កត់ ទើបធ្វើឲ្យឈ្មួញទទួលយកអាចជាសំណូមពរណាមួយមិនបាន ក៏បង្ខំចិត្តចាកចេញរកស៊ីនៅតំបន់នេះ ។ មន្ត្រីគយលើកឡើងថា យើងគ្រាន់និយាយឲ្យខ្លីហើយស្រួលស្តាប់ ប្រសិនបើយើងមានឃ្លាំង យើងមានក្រុមហ៊ុន និងផ្ទះសម្បែងនៅខេត្តប៉ៃលិន ហេតុអីក៏សម្រេចចិត្តមិនរកស៊ីនៅមូលដ្ឋានរបស់ខ្លួន? ចំណុចនេះ លោកទាំងពីរខាងលើអាចនឹងពិចារណា ម្យ៉ាងទៀត ការបាត់ចំណូលពន្ធនេះ ក៏កើតឡើងដោយសារបុគ្គលប្រធានសាខា និងប្រធានការិយាល័យច្រកព្រំនេះតែម្តង ។ មន្ត្រីគយទទួលស្គាល់ថា កន្លងទៅអាចមានចន្លោះប្រហោងចំពោះការនាំ
ចូលទំនិញប្រភេទចាប់ហួយចម្រុះ ភេសជ្ជៈ គ្រឿងបន្លាស់រថយន្ត (ស្ព៊ែផាត) បង់ពន្ធមិនគ្រប់ខ្លះៗដែរ ប៉ុន្តែបច្ចុប្បន្ន សូម្បីតែរូបភាពទំនិញបែបនេះក៏គ្មាន ហើយទំនិញបង់ពន្ធនាំចូលខ្ពស់ក៏ត្រូវបាត់បង់ ។

មន្ត្រីសាលាខេត្តបានបង្ហើបថា កន្លងទៅគ្រាន់តែទំនិញរបស់ឈ្មួញធំៗប៉ុន្មាននាក់ដូចជារបស់ក្រុមហ៊ុនគាធី មានរថយន្តធំៗដឹកជញ្ជូនទំនិញប្រភេទចាប់ហួយចម្រុះ គ្រឿងអេឡិចត្រូនិក និងបន្លាស់រថយន្តជាដើម បង់ពន្ធចូលរដ្ឋយ៉ាងច្រើន ។ ក្នុងនោះ សូម្បីតែលោក ហេង ហុងម៉េង (តាឆេង) ក៏នាំចូលនូវស្រាបៀរលីអូ យ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយនឹងទំនិញចម្រុះចាប់ហួយ ក៏ត្រូវដកឃ្លា ឬនាំចូលតិចតួចបំផុត ។ ដោយឡែក ចែពៅ ដែលជាអ្នកដឹកជញ្ជូនគ្រឿងសំណង់ក៏មានអារម្មណ៍ប្រហាក់ប្រហែលគ្នាជាមួយនឹងឈ្មួញខាងលើ ។ បញ្ហានេះ តើមានអ្វីនៅពីក្រោយខ្នងមេគយសាខាខេត្ត និងមេគយច្រកព្រំ? គេទទួលស្គាល់ថា មានអាជីវករ៣ទៅ៤នាក់ប៉ុណ្ណោះ ដែលធ្លាប់ដឹកជញ្ជូនទំនិញប្រភេទគ្រឿងសំណង់ បន្តនាំចូល ដោយសារពួកគាត់មានមុខរបរលក់គ្រឿងសំណង់សម្រាប់បម្រើឲ្យក្នុងខេត្តប៉ៃលិននេះស្រាប់ ។

ផ្ទុយទៅវិញ អាចខាងមេគយសាខាខេត្ត និងមេគយច្រកព្រំជ្រួលច្របល់នឹងខ្លួនអសមត្ថភាព ប្រមូលពន្ធជូនរដ្ឋ បែរជាមកបង្កើតបញ្ហាស្មុគស្មាញឲ្យថ្នាក់លើឈឺក្បាលរឿងយកលុយពីបងប្អូនប្រជាពលរដ្ឋដឹកផ្លែឈើ ជះឥទ្ធិពលអាក្រក់ដល់អាជ្ញាធរខេត្ត ក៏ដូចជាថ្នាក់លើនៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះផងដែរ ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេពីមេគយសាខា និងមេគយច្រកព្រំ ទន្ទឹមនឹងមានបាតុភាពនេះកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែមន្ត្រីសាលាខេត្តបាននិយាយបែបចំអកថា លោក សំ សុវណ្ណារិទ្ធ ប្រធានការិយាល័យគយ និងរដ្ឋាករព្រំ កន្លងទៅក៏ធ្លាប់មានឈ្មោះដ៏អាស្រូវនៅខេត្តមណ្ឌលគិរីយ៉ាងធ្ងន់ធ្ងរ ពិសេសជាប់ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យការដឹកជញ្ជូនឈើខុសច្បាប់ទៅប្រទេសវៀតណាម និងឃុបឃិតគ្នាជាមួយឧកញ៉ា ល័ក្ស ឲ្យមានការហូរចូលប្រេងគេចពន្ធយ៉ាងសន្ធឹកសន្ធាប់តាមច្រកអន្តរជាតិដាក់ដាំ ។

ជុំវិញបញ្ហាទាំងអស់នេះ គួរណាស់តែថ្នាក់លើពិនិត្យពិចារណាអំពីការសម្រេចដកខ្លួនរបស់ឈ្មួញធំៗ ឈប់ដឹកតាមច្រកព្រំ ហើយនិងការបាត់បង់ចំណូលពន្ធថា តើមានអ្វីនៅពីក្រោយខ្នងមេគយទាំងពីររូបនេះ? ឬមួយបង្ខំឲ្យគេបង់ទឹកតែខ្ពស់រហូតដល់គេបង្ខំចិត្តឈប់រកស៊ី ធ្វើឲ្យចំណូលពន្ធត្រូវបានបាត់បង់យ៉ាងដូច្នេះ? ៕ សិលា


ចែករំលែក៖