ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ជាសិស្សសាលាទទួលរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីត្រូវមិត្តរួមសាលាកាប់ដោយដាវសាំម៉ូរ៉ៃ

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ជាសិស្ស នៃសាលាអន្តរជាតិបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវមិត្តរួមសាលាលើកបក្ខពួកមកកាប់ប្រហារដោយដាវសាំម៉ូរ៉ៃ កាលពី​វេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវិទ្យាល័យ ហ៊ុនសែន សេរីភាព ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីមាន​ហេតុការណ៍កើតឡើង ជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន គ្រា​ដែលបក្ខ​ពួក២នាក់ទៀតរត់រួច ។ ដោយឡែកជនរងគ្រោះត្រូវបានមិត្តភ័ក្រដឹក បញ្ជូនទៅ​សង្រ្គោះនៅមន្ទីរពេទ្យជ័យ​ជំនះ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត មុនីកូនីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស “រង​របួសរយះត្រង់ក្បាលចំហៀងខាងឆ្វេង ,ដៃខាងឆ្វេង និងចង្កេះ” មាន​ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯជន​ដៃ​ដល់ឈ្មោះ សេង ថមមី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ។ ចំណែកឯបក្ខពួក២នាក់ទៀតរត់​គេច​ខ្លួននោះ ទី១-ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងរាជធានីភ្នំពេញ ទី២-មិនស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រហែលកន្លះខែជនរងគ្រោះ និងបក្ខពួក​បានលើកគ្នាទៅធ្វើសកម្មភាពវាយទៅលើក្រុមជនដៃដល់ ។ លុះមកដល់ថ្ងៃកើតហេតុជនដៃដល់​ក៏បានបបួលបក្ខពួក២នាក់ជិះម៉ូតូប្រដាប់ដោយដាវសាំម៉ូរ៉ៃតាមរកជនរងគ្រោះ ដើម្បីសងសឹក ខណៈជិះដល់ខាងមុខវិទ្យាល័យ ហ៊ុន សែន សេរីភាពប្រទះឃើញជនរងគ្រោះកំពុងអង្គុយលើ​ម៉ូតូ ជនដៃដល់ក៏បានស្ទុះចូលទៅកាប់ប្រហារជនរងគ្រោះត្រូវចំបីដាវ បណ្តាលអោយរងរបួសរយះត្រង់ក្បាលចំហៀងខាងឆ្វេង ,ដៃខាងឆ្វេង និងចង្កេះយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីធ្វើសកម្មភាពរួច​ជនដៃដល់និងបក្ខពួកបាននាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបចាប់បាន​ជនដៃដល់មកវិញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖