ភ្នំពេញ៖ ជនសង្ស័យកម្មករជាងដែកម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចគាស់កេះតុយកគ្រឿងអលង្កា និងពេជ្រអស់ចំនួនជាង៣ពាន់ដុល្លារ ហើយក៏ត្រូវម្ចាស់តាមទាន់ចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ ១៤៤កា ផ្លូវលេខ៥៩៨ ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករផ្សាដែក(ឃាត់ខ្លួន) ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រៃអំបិល ឃុំអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហ៊ុន ធីដាពៅ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន សា្នក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ថៅស្រីបានចេញពីផ្ទះទៅធ្វើការ នៅក្រុមហ៊ុនបាត់ ចំណែកឯថៅប្រុស និងកម្មករជាងដែកចំនួន ៣នាក់ទៀតបានចេញទៅធ្វើការនៅឯខេត្តកំពត ចំណែកឯជនសង្ស័យដែលឃាត់ខ្លួននោះនៅផ្ទះម្នាក់ឯង ដោយឃើញមានឱកាសល្អ រូបគេបានដើរឡើងទៅលើបន្ទប់ឡៅតឿ ដោយឃើញទ្វារបន្ទប់ឡៅតឿមិនចាក់សោ ហើយរូបគេបានបើកទ្វារចូលទៅក្នុងបន្ទប់ខាងលើ រួចរូបគេបានយកទុលណឺវីសធ្វើសកម្មភាពគាស់កេះតុយកគ្រឿងអលង្កា ខ្សែកពេជ្រ ក្រវិលពេជ្រ ចិញៀនពេជ្រ សរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារ ហើយជនសង្ស័យរូបនោះបានរត់គេចខ្លួនបាត់។ លុះដល់នៅវេលាម៉ោង៧និង០០នាទីយប់ ជនរងគ្រោះបានចេញពីធើ្វការក្រុមហ៊ុនត្រឡប់មកផ្ទះវិញ ក៏បានឡើងទៅបន្ទប់ឡៅតឿ ស្រាប់តែឃើញសញាបត្ររបស់កូននៅលើតុ ទើបរូបគាត់មានការសង្ស័យហើយកេះតុមានស្នាមគាស់សោក៏ទាញថតតុកមើលស្រាប់តែបាត់សម្ភារ គ្រឿងអលង្កាដែលទុកនៅក្នុងកេះតុនេះ។
ភ្លាមៗនោះ ថៅស្រីក៏មានការសង្ស័យទៅជនសង្ស័យខាងលើ ដោយមិនឃើញជនសង្ស័យរូបនេះ មិនឃើញដេកនៅបន្ទប់ដូចសព្វដង រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ដោយមានការសង្ស័យធ្លាប់ឃើញជនសង្ស័យខាងលើឧស្សាហ៍ទៅលេងល្បែងអនឡាញនៅក្បែរផ្ទះកើតហេតុ។ បន្ទាប់មក ស្រាប់តែឃើញជនសង្ស័យខាងលើកំពុងតែអង្គុយលេងល្បែងអនឡាញនៅទីនោះ ក៏បានចាប់ឃាត់ខ្លួននិងឆែ
កឆេរខ្លួនរកឃើញគ្រឿងអលង្កាដែលរូបគេធ្វើសកម្មភាពគាស់យកហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីសួរនាំ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក រូបគេបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់យកគ្រឿងអលង្ការបស់ថៅកែរបស់ខ្លួនពិតប្រាកដមែន។ ចំណែកឯសំភារៈខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់ដើមវិញ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ បានមកសុំគាត់ធ្វើការ និងស្នាក់នៅផ្ទះរបស់គាត់ទើបតែបានជិតមួយខែទេ ដោយគាត់មានការទុកចិត្តជនសង្ស័យខាងលើខ្លាំងពេក ទើបនឹកស្មាន់មិនដល់ឲ្យជនសង្ស័យនៅផ្ទះម្នាក់ឯង ក៏ជនសង្ស័យមានឱកាសល្អធ្វើសកម្មភាពគាស់កេះតុយកគ្រឿងអលង្កាតែម្តង។ តែសំណាងល្អរូបគេមិនទាន់បានលក់ បើមិនរកឃើញនៅយប់កើតហេតុនោះទេ ច្បាស់ជារូបគេយកគ្រឿងអលង្កាទាំងនោះទៅលក់លេងល្បែងបាញ់អស់បាត់ទៅហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ អារុណរះ