ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោស៥នាក់រត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ព្រោះការយាមកាមមិនហ្មត់ចត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកទោស៥នាក់បានហែកគុករត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សង្ស័យថា ការយាមកាមរបស់មន្ត្រីពន្ធនាគារធ្វេសប្រហែស និងដាច់វេនយាមយប់ ។

ប្រភពបានបន្តថា អ្នកទោសដែលរត់ ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺនេះសុទ្ធសឹងជាអ្នកទោសជាប់ពីបទឧក្រិដ្ឋដែលសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងទៅបញ្ជូនទៅ តុលាការហើយតុលាការសម្រេចផ្ដន្ទា ទោសរួចរាល់ហើយនោះ ។

ជុំវិញអ្នកទោសរត់ចេញពីពន្ធនាគារនេះប្រធានពន្ធនាគារខេត្តកំពង់ស្ពឺលោក កាក់ សវ៉ុន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៧បានប្រាប់ថា ពិតជាមានអ្នកទោស ហែកគុករត់រួច៥នាក់មែនកាលពីយប់ ចន្លោះម៉ោង២-៣រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែមិថុនា ដែលអ្នកទោសទាំង៥ នាក់បានធ្វើសកម្មភាពគាស់ពិតានដំបូល បន្ទាប់មកក៏លូនរត់ចេញ ។

ប្រធានពន្ធនាគារបន្តថា អ្នកទោស ដែលរត់នេះទី១-ឈ្មោះ កែវ ឯម ភេទប្រុស អាយុ៤៧ឆ្នាំ ឃុំខ្លួនពីបទប្លន់, ទី២-ឈ្មោះ ឃុន សុខភឿន ភេទប្រុស អាយុ៣១ឆ្នាំ ឃុំ ខ្លួនពីបទជួញដូរគ្រឿងញៀន, ទី៣-ឈ្មោះ ស៊ុម ម៉ូច ភេទប្រុស អាយុ៣២ឆ្នាំ ឃុំខ្លួនពី បទមនុស្សឃាត, ទី៤-ឈ្មោះ រុន រ៉ានី ភេទ ប្រុស អាយុ២២ឆ្នាំ ឃុំខ្លួនពីបទជួញដូរគ្រឿង ញៀន និងទី៥-ឈ្មោះ ឡុង ប៊ុនណាត ភេទប្រុស អាយុ៣០ឆ្នាំ ឃុំខ្លួនពីបទជួញដូរ គ្រឿងញៀន ។

លោកបានបន្តថា ករណីអ្នកទោសរត់ចេញពីពន្ធនាគារនេះលោកបានរាយ ការណ៍រួចហើយទៅថ្នាក់លើហើយនៅព្រឹកថ្ងៃដដែលលោក អូ៊ ផាត ព្រះរាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺបានចុះមកពិនិត្យ ចំណុចកើតហេតុ តែយ៉ាងណាសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួនទណ្ឌិតទាំងនេះហើយដែរ។

គួររំលឹកថា ថ្មីៗកន្លងទៅនេះអ្នកទោសនៅពន្ធនាគារភ្នំស្វាយក្នុងខេត្តរតនគិរី បានហែកគុករត់ចេញជាបន្តបន្ទាប់ដោយគេសង្ស័យថា មានអ្នកហុចសោឲ្យអ្នកទោស ទាំងនោះទើបអ្នកទោសទាំងនោះអាចរត់រួច ដោយងាយស្រួលនិងជាបន្តបន្ទាប់ដូច្នេះ។ ករណីនេះគេបានបង្ហើបថា ថ្នាក់លើកំពុង សើុបអង្កេត ហើយប្រធានពន្ធនាគារអាចនឹង ប្រឈមការដកតំណែងនោះដែរប្រសិនបើ រកឃើញថាមានកំហុសនាំឲ្យអ្នកទោសរត់ចេញពីពន្ធនាគារនេះ ៕ សេនាស័ក្តិ


ចែករំលែក៖