ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីជំនាញលូកវះហោប៉ៅអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

 

ភ្នំពេញ៖ ចោរស្រីម្នាក់ជំនាញលូកវះហោប៉ៅត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពលូក និងវះហោប៉ៅកម្មការិនីរោងចក្រ២នាក់ បានទូរស័ព្ទ២គ្រឿងជាបន្តបន្ទាប់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ ចាប់ក្របួចបានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខរោងចក្រកាត់យីហោ(ខៃថាន) ផ្លូវបេតុភូមិទួលគោក សង្កាត់សង្កែ ខណ្ឌឫស្សីកែវ។​

ជនរងគ្រោះទាំង២នាក់១ឈ្មោះ គ្រី ធីដា ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ទូរស័ព្ទដែលស្ត្រីសង្ស័យលូកយកនោះ ម៉ាកអាយហ្វូនហ្វាយ។​២ឈ្មោះ យន សុភារី ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទូរស័ព្ទដែលស្ត្រីសង្ស័យវះយកនោះ ម៉ាកអាយហ្វូនហ្វ័រមួយគ្រឿងយកបានវិញ។ ​ចំណែកឯស្ត្រីសង្ស័យមានឈ្មោះឈុន សៀក អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។​

ស្ត្រីរងគ្រោះទាំង២នាក់បានឱ្យដឹងថា នៅមុនកើតហេតុ រូបនាងទាំង២នាក់បានចេញពី​ធ្វើការរោងចក្រមកហូបអីនៅមុខរោងចក្រកើតហេតុខាងលើ រួចបានដើរទាំង២នាក់ទៅទិញពងទាកូន ខណៈកំពុងឈរទិញពងទា ស្រាប់មានស្ត្រីម្នាក់មកជិតរួចឈរគៀកហើយបានធ្វើសកម្មភាពលូកហោប៉ៅ និងវះថង់កៅស៊ូសររបស់នាងទាំង២នាក់បានសម្រេចជាបន្តបន្ទាប់ តែត្រូវអស់លក្ខណ៍ អ្នកលក់ពងទារកូនស្រែកប្រាប់នាងទាំង២នាក់ថា មានស្ត្រីម្នាក់ដែលឈរជិតនោះលួចយកទូរស័ព្ទនាងអស់ហើយ ភ្លាមៗនោះនាងទាំង២នាក់បានមានការសង្ស័យស្ត្រីលើក៏ចាប់ និងឆែកឆេររកឃើញទូរស័ព្ទទាំង២គ្រឿងដែលជារបស់នាងទាំង២នាក់ ក៏ចាប់ឃាត់ខ្លួនប្រគលទៅឱ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែដើម្បីសាកសួរបន្ត។​

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕ អារុណរះ


ចែករំលែក៖