ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូ១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីស្ត្រីជនជាតិបរទេស ដែលកំពុងជិះនៅលើម៉ូតូរ៉ឺម៉កកង់បី តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយដេញតាមចាប់ បានទាំង៣នាក់តែម្ដង រួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅខាងក្រោយវត្តលង្កា តាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ទី១ឈ្មោះ ហឹង ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ទី២ឈ្មោះ សុន សេងហួរ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសាលាសុធារស សង្កាត់ទន្លេបាសាក ខណ្ឌចំការមន និងទី៣ឈ្មោះ អាលាង ភេទប្រុស មានអាយុជាង២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើបានប្រាប់ឲ្យដឹងថា ពួកគេបានជិះម៉ូតូ១គ្រឿង ឌុបគ្នាមកពីជក់ថ្នាំនៅម្ដុំវត្តឧណ្ណាលោម ហើយជិះដើរលេងបន្ត រហូតបានធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ដែលជាកន្លែងកើតហេតុបានឃើញស្ត្រីជនជាតិបរទេសម្នាក់ជិះម៉ូតូរ៉ឺម៉កកង់៣កំពុងនិយាយទូរស័ព្ឋ ឃើញឱកាសល្អ ពួកគេ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីស្ត្រីជនជាតិបរទេសតែម្ដង តែពួកគេឆក់មិនបានសម្រេចនោះទេ ហើយបានជិះម៉ូតូទាំងភ័យស្លន់ស្លោបណ្ដាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយចាប់ រួមទាំងស្វាគមន៍ម្នាក់មួយដៃ មួយជើងរងរបួសបែកមុខមាត់ ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍បឹងកេងកង១ចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើដឹកយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាជនជាតិបរទេស មិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ដោយបានបន្តដំណើរទៅបាត់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ បានឃាត់ខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសាណុំរឿងបញ្ចូនទៅតុលារការចាត់ការតាមនីច្បាប់៕ ភារ៉ា ដង្កោ