មន្ត្រីប៉ូលិសហ្វីលីពីនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ ខ្មាន់កាំភ្លើងក្រុមភេរវកម្ម IS បានបើកការវាយប្រហារទៅលើសាលារៀននៅស្រុក Pigcawanyan ភាគខាងជើងកោះមីនដាណាវ ហើយគ្រប់គ្រងសាលារៀននោះ ចាប់សិស្ស និង លោកគ្រូ អ្នកគ្រូងធ្វើជាចំណាប់ខ្មាំង។
ការវាយប្រហារខាងលើ កើតឡើងក្រោយពេលដែលទាហានហ្វីលីពីន បានបើកការវាយប្រហារទៅលើទីតាំង របស់ក្រុម IS នៅទីក្រុងម៉ារ៉ាវី ។ ការចាប់សិស្សជាចំណាប់ខ្មាំង អាច ជាការដោះដូរ ឲ្យទាហានរដ្ឋាភិបាលបញ្ចប់ការវាយប្រហារ ក្រុមភេរវកម្មនៅម៉ារ៉ាវី។
យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធមានគ្នាប្រហែលជា៣០០នាក់បានបើកការវាយប្រហារទៅលើសាលារៀនមួយកន្លែងស្ថិតនៅក្នុងទីក្រុង Pigcawayan ភាគខាងជើង ខេត្តកូតាបាតូ នៅលើកោះ Mindanao និងថែមទាំងបានចាប់ខ្លួនក្មេងៗជាសិស្សសាលាធ្វើចំណាប់ខ្មាំងជាច្រើននាក់ផងដែរ ។ ការធ្វើឡើងនេះត្រូវបានគេដឹងថា ស្របពេលជាមួយនឹងការចាត់វិធានការក្ដៅរបស់រដ្ឋាភិបាលហ្វីលីពីនទៅលើក្រុមឧទ្ទាមទាំងនេះ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា គេនៅមិនទាន់អាចបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធបានកាន់កាប់សាលារៀនមួយនោះ ហើយជនស៊ីវិលត្រូវបានបង្ខាំងទុកនៅទីនោះប៉ុន្មាននោះទេ ដោយសមត្ថកិច្ចកំពុងធ្វើការងារនេះបន្ដទៀត ។
គួរបញ្ជាក់ផងដែរថា ជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាល នឹងក្រុមរដ្ឋឥស្លាមបានផ្ទុះឡើងអស់រយៈពេល៥សប្ដាហ៍ហើយដែលធ្វើឲ្យគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋហើយហ្វីលីពីន ក៏បានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកទៅហើយដែរដើម្បីបោសសម្អាតក្រុមនេះ៕ ម៉ែវ សាធី