ខេត្តសៀមរាប៖ ស្នងការ នគរបាល ខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី បានថ្លែងប្រាប់ អ្នកកាសែត នៅថ្ងៃ២០មិថុនា ម្សិលមិញថា ចាប់ពីពេលនេះ តទៅបើមាន មន្ត្រីនគរបាល ណាដើរ យកលុយពី ក្រុមអ្នកលក់ដូរ នៅតាមចិញ្ចើម ផ្លូវទៀតនោះលោក នឹងមានចំណាត់ការ ទៅតាមផ្លូវច្បាប់។
ប្រជាពលរដ្នបានរឹះគន់ថា ចំពោះបញ្ហាសណ្តាបធ្នាប់ ក្នុង ទេសចរណ៍ សៀមរាបអង្គរ នៅតែមានភាព រញ៉េរញ៉ៃ ហើយប្រការទាំងនេះ គឺបណ្តាលមកពី ពលរដ្ឋខ្លះមិន សហការជា មួយអាជ្ញាធរ ហើយក៏មាន សមត្ថកិច្ចខ្លះដើរ យកលុយពីអ្នកលក់ នៅលើចិញ្ចើមផ្លូវ ដើម្បីផ្គាប់ ចិត្តថ្នាក់លើ ជាពិសេសនៅតាមផ្លូវផ្សារចាស់ កន្លែងដើមពោធិ៍ ជាកន្លែង ផ្ញើ កង់ ម៉ូតូ ឡាន និងអ្នកលក់ដូរតាមចំណីផ្លូវ និងលើផ្លូវម្តុំផ្សារចាស់ ផ្សាររាត្រី តើគេយកលុយរាប់សិបឆ្នាំ មកហើយនោះតើ យកទៅណា ចូលរដ្នឬចូល ឪប៉ៅ ?ម្យ៉ាងទៀតភាពកំសោយ របស់អាជ្ញាធរ ដែលមិនអាចទប់ស្កាត់ បានព្រោះតែប៉ះ ឆ្នាំងបាយនឹងខ្សែ ខ្នងអ្នកធំជាដើម។
ទាក់ទិនទៅនឹងការ លើកឡើងខាងលើនេះយើងបានធ្វើការទំនាក់ទំនងតាមទូស័ព្ទទៅ លោកសូរ ប្លាតុង អភិបាល ក្រុងសៀមរាប តែមិនអាចទាក់ទង សុំការពន្យល់ បានទេ ដោយសារគ្មានអ្នកលើក។
បើតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បានថ្លែងថា លោកបានបើកការប្រជុំមួយ នៅស្នងការដ្ឋាន នគរបាលខេត្ត ដែលមានមន្រ្ដីនគរបាលពាក់ព័ន្ធ មកចូលរួមស្តីពី ការរៀបចំ សណ្តាប់ធ្នាប់ ទូទៅក្នុង ខេត្តសៀមរាប ឲ្យបានកាន់តែមានសោភ័ណភាព មានសន្ដិសុខ សុខសុវត្ថិភាពល្អប្រសើរឡើង និងមិនត្រូវគិត តែពីផលប្រយោជន៍ពេកនោះទេ៕ ប៊ុន រិទ្ធី