ភ្នំពេញ៖ក្រោយសវនាការពេញមួយព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនឹងសម្រេចថា ដោះលែងឬមិនដោះលែងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា រឿងក្ដីលោក គឹម សុខ ត្រូវបានបិទការស៊ើបសួរហើយ រួចបញ្ជូនទៅបើកសវនាការជំនុំជម្រះតាមនីតិវិធី ។
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោ ដូចគ្នា គឺ ពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ ។
គួរបញ្ជាក់ថា លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ យល់ថា ភស្តុតាងពិតជាគ្រប់គ្រាន់ ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន និង បានប្តឹងទាមទារសំណងជំងឺចិត្តចំនួនពីរពាន់លានរៀល ឬ ៥០ម៉ឺនដុល្លារអាមេរិក ។
លោក គី តិច បានផ្តល់បទសម្ភាសន៍ ក្រោយពេលដាក់ពាក្យបណ្ដឹងរួចថា ក្នុងវេទិការបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ពិភាក្សាអំពី ការលាលែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺ លោក គឹម សុខ បានបើកការវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដោយថា គណបក្សប្រជាជន បានរៀបចំផែនការប្លន់អំណាច ជាពិសេសបានចោទប្រកាន់ចំៗថា គណបក្សប្រជាជន ជាអ្នកសម្លាប់លោក បណ្ឌិត កែម ឡី ។
លោកមេធាវី បញ្ជាក់ថា ភស្តុតាងមួយចំនួន ពិសេសឃ្លីបវីដេអូដែលលោក គឹម សុខ បាននិយាយ នោះ គឺ គ្រប់គ្រាន់ដែលអាចឲ្យតុលាការចោទប្រកាន់លោក គឹម សុខ បាន តែការសម្រេចចោទប្រកាន់បទល្មើសអ្វីនោះ វាជាសមត្ថកិច្ចនិងការថ្លឹងថ្លែងរបស់ព្រះរាជអាជ្ញា ។
ការចោទប្រកាន់គ្មានមូលដ្ឋានបែបនេះ ត្រូវបានលោក គី តិច ចាត់ទុកថា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិសព្ទ និង ភាពយន្តស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បញ្ជាក់ពីចេតនាទុច្ចរិត បង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតចលាចល ធ្ងន់ធ្ងរក្នុងសង្គមទាំងមូល ៕ ចេស្តា