ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកអូររំដួលបន្តងប់ងុលនឹងអំពើពុករលួយ ទាញប្រយោជន៍ពីទំនិញបង់ពន្ធមិនគ្រប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ច្រកអូររំដួល មួយរយៈនេះ ទំនិញបង់ពន្ធមិនគ្រប់បន្តហូរចូល បន្ទាប់ពីឈ្មួញមានគំនិតទុច្ចរិតឃុបឃិតគ្នា ជាមួយមេគយច្រកតំបន់នេះ តាមរយៈអំពើ សូកប៉ាន់ ដើម្បីឲ្យពួកគេមានឱកាសនាំ ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់នេះជាដើម…។

លោក យ៉ែម ហែមរ៉ាត ប្រធានការិយាល័យគយ និងរដ្ឋាករអូររំដួល ដែលកំពុងពាក់ព័ន្ធនឹងអំពើពុករលួយនេះ កន្លងទៅ គាត់ក៏ត្រូវបានថ្នាក់លើ (អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ដក បញ្ឈរជើងមួយរយៈ បន្ទាប់ពីមានភាពមិនប្រក្រតីលើការងារដឹកនាំ ប្រចាំច្រកមួយនេះ ។ ក្នុងនោះមន្រ្តីគយធ្លាប់បានទម្លាយថា៖ លោក យ៉ែម ហែមរ៉ាត បង្កើតឲ្យមាននូវ អំពើពុករលួយ បំបាត់ពន្ធនាំចូលរបស់រដ្ឋ អសកម្ម ការងារ បញ្ហាបក្ខពួកនិយម ឈានដល់ បែកបាក់សាមគ្គីផ្ទៃក្នុងអង្គភាព ផ្ទុយពីការ ណែនាំរបស់ថ្នាក់លើ ។ ប៉ុន្តែដោយឥទ្ធិពល អំណាចទឹកលុយរត់ការ លោក យ៉ែម ហែមរ៉ាត់ មានឱកាស (ទឹកហូរ ហើយវិលត្រឡប់មកវិញ) មកកាន់តំណែងជាប្រធានការិយាល័យ គយ និងរដ្ឋាករអូររំដួលនេះដដែល ។ ដូច្នេះការដឹកនាំពាក់ព័ន្ធនឹងភាពមិនប្រក្រតីរាប់កញ្ឆេ ដូចខ្មោចដំរីងាប់ក៏ពិតមែន ក៏គាត់នៅតែមិនមានបញ្ហា ទើបមកកាន់តំណែងដដែល ការ ប្រព្រឹត្តអំពើពុករលួយ បញ្ហាបក្ខពួកនិយម ពិសេស ការហូរចូលទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់កានតែមានសកម្មភាពនិងទ្រង់ទ្រាយធំជាងមុន ។

កន្លងមក ក៏ដូចបច្ចុប្បន្ន តំបន់ច្រកអូររំដួលបានហូរចូលទំនិញមកពីប្រទេសថៃ រួមមាន ​៖ គ្រឿងបន្លាស់រថយន្ត ម៉ូតូកង់ម៉តូ សំបកកង់រថយន្ត និងទំនិញគេចពន្ធផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់ ។

មន្រ្តីបានបង្ហើបថា ល្បិចបន្លំពន្ធរបស់ លោក យ៉ែម ហែមរ៉ាត គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូលពីប្រភេទទំនិញនាំចូលបង់ពន្ធខ្ពស់មកបង់ពន្ធជា ប្រភេទទំនិញ(ទំនិញចម្រុះ) ហើយការ បង់ពន្ធទំនិញចម្រុះនេះទៀតសោធ គឺបង់យ៉ាងច្រើនត្រឹមពាក់កណ្តាលប៉ុណ្ណោះ ។

ដោយអំពើលោភលន់ ការកេងបំបាត់ ពន្ធរដ្ឋ លោក យ៉ែម ហែមរ៉ាត ថែមទាំងប្រព្រឹត្តនូវអំពើល្មើសច្បាប់ ផ្ទុយពីក្របខ័ណ្ឌ ការងាររដ្ឋបាល ក្នុងនាមជាមន្រ្តីមុខងារ សាធារណៈ ក៏ដូចជាអនុក្រឹត្យរបស់រដ្ឋាភិបាល ។ ក្នុងនោះគាត់បើកជាលក្ខណៈ ចំហឲ្យរថយន្តដឹកទំនិញ ប្រភេទធំៗពី ប្រទេសថៃឆ្លងកាត់ច្រកអូររំដួលចូលទឹកដី កម្ពុជា ពេលខ្លះចាប់ពីម៉ោង៣ទៅម៉ោង៤ទៀបភឺ្ល ប្រយោជន៍លាក់អាថ៌កំបាំង ជៀសវាងថ្នាក់លើដឹង ហើយទុកឱកាសឲ្យឈ្មួញ ធំៗរត់ការបើកផ្លូវពីទឹកដីថៃ កើបយកលុយ បែបនេះ ក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ?

មន្រ្តីបានបន្តថា ជាធម្មតា ការងាររដ្ឋបាល ទាំងច្រកតំបន់ ច្រកទ្វេរភាគី ច្រកអន្តរជាតិ គឺចរាចរឆ្លងកាត់ចេញ-ចូល ចាប់ពីវេលាម៉ោង៧ព្រឹក និងបញ្ឈប់នៅម៉ោងរដ្ឋបាល ត្រឹមម៉ោង៦ល្ងាច ។

ដោយឡែកលោក យ៉ែម ហែមរ៉ាត គាត់អនុញ្ញាតឲ្យរថយន្តធុនធំឆ្លងកាត់តាំងពីម៉ោង៣-៤ទៀបភ្លឺ មិនត្រឹមតែខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាពហូរចូល ទំនិញបែបនេះ ត្រូវបានគេដាក់ភាពសង្ស័យ ថាជាទំនិញគេចពន្ធក៏អាចថាបាន។

ពាក់ព័ន្ធករណីនេះ មិនអាចទាក់ ទងបានទេ ពីលោក យ៉ែម ហែមរ៉ាតព ប្រធាន ការិយាល័យគយ និងរដ្ឋាករអូររំដួល កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។

ដោយឡែក លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាន ទេ ខណៈទូរស័ព្ទចូល លោកបញ្ជាក់ថាកំពុងជាប់ប្រជុំ ។

គួររំឭកថា ច្រកអូររំដួលគឺជាច្រកតំបន់ មួយឋិតក្រោមការគ្រប់គ្រងរបស់អង្គភាព សាខាគយ និងរដ្ឋាករ​ខេត្តបាត់ដំបង ឋិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។ សព្វថ្ងៃគឺមានទំនិញពីប្រទេស ថៃហូរចូលដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ និង មានទំនិញជាប្រភេទទំនិញបង់ពន្ធខ្ពស់ ដូចជា គ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបក រថយន្ត ទុយយោ គ្រឿងភេសជ្ជៈ ក៏ដូចជា ទំនិញចាប់ហួយ ប៉ុន្តែមេគយច្រកនេះកេង បំបាត់ពន្ធរដ្ឋ តាមរយៈក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ ពន្ធជាប្រភេទទំនិញចម្រុះ ហើយក៏បង់ត្រឹមពាក់កណ្តាលថែមទៀតផង ៕ ល័ក្ម្សុី


ចែករំលែក៖