ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅស្នើប្រជាពលរដ្ឋឲ្យចូលរួមតាមដាក់ការអនុវត្តន៍គំរោងស្ថាបនាផ្លូវបេតុង

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបាននូវគុណភាពនិងជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវបេតុងរយៈពេលយូរអង្វែង លោកអភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវដែលចាប់ផ្តើមស្ថាបនាជាបេតុង ត្រូវចូលរួមជាមួយអាជ្ញាធរតាមដានការអនុវត្តន៍គំរោងស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូរទឹក ធ្វើបែបនេះទើបទប់ស្កាត់បាននូវការលួចស៉ីបច្ចេកទេសសំណង់ ។

ប្រសាសន៍ក្នុងន័យដាស់តឿនដល់ ក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាផ្លូវបេតុងនិងដាក់ប្រព័ន្ធលូ ត្រូវអនុវត្តស្របទៅតាមបទដ្ឋានបច្ចេកទេសសំណង់នេះបានលើកឡើងនៅគ្រាដែលលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគំរោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋចូលរួមជិត២០០នាក់មកពីសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោកញាន ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ការបើកការដ្ឋានអនុវត្តគម្រោងអភិវឌ្ឍន៍ខណ្ឌនៅថ្ងៃនេះ គឺចាប់ផ្តើមស្ថាបនាផ្លូវបេតុង និងដាក់លូរបង្ហូរទឹកនៅក្នុងសង្កាត់២ រួមមានសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ។ នេះជាគម្រោងស្ថាបនាផ្លូវបេតុងប្រវែង៣១៩ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិតាងៅ សង្កាត់និរោធ និងផ្លូវបេតុង១ខ្សែទៀតស្ថាបនាពីវត្តកំសាន្តទៅព្រែកបារាំង ក្នុងភូមិព្រះពន្លា និងភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ដោយឡែកនៅសល់គំរោងមួយចំនួនទៀតគ្រោងបើកការដ្ឋាននៅសប្តាហ៍ខាងមុខ ។

នៅចំពោះប្រជាពលរដ្ឋដែលទៅចូលរួមក្នុងពិធីបើកការដ្ឋាន លោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅបានស្នើឲ្យអ្នកដែលរស់នៅអមសង្ខាងផ្លូវចូលរួមសហការជាមួយអាជ្ញាធរដើម្បីសម្រួលដល់ក្រុមការងារស្ថាបនាផ្លូវនិងដាក់លូ ព្រោះសមិទ្ធិផលនេះទុកសម្រាប់ ជាប្រយោជន៍រួម ។ ចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការស្ថាបនាផ្លូវនិងដាក់លូត្រូវអនុវត្តគំរោងទៅតាមកិច្ចសន្យានៃការដេញថ្លៃ ស្ថាបនាស្របទៅតាមបទដ្ឋានបច្ចេកទេសនៃសំណង់ឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះដែរសូមបងប្អូនប្រជាពលរដ្ឋចូលរួមតាមដានក្រុមការងារដែលកំពុងអនុវត្តគម្រោងដើម្បីធានាបាននូវគុណភាពផ្លូវទុកសម្រាប់ប្រើប្រាស់ជាសម្បត្តិរួម បើពិនិត្យឃើញថាការស្ថាបនាផ្លូវមិនស្របទៅតាមបច្ចេកទេសត្រូវរាយការណ៍ឲ្យមន្ត្រីជំនាញបានដឹងហើយចាត់វិធានការទៅលើក្រុមហ៊ុននោះ ៕ សណ្តោស


ចែករំលែក៖