ព័ត៌មានទាន់ហេតុការណ៍៖

បោកយកម៉ូតូបានហើយ ទូរស័ព្ទមកបោកយកលេខកុងធនាគារបើកយកលុយខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ជាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់បាន ក្រោយពីបានធ្វើសកម្មភាព ឆបោកយកម៉ូតូ និង យកលេខកុងធានាគាររបស់ជនរងគ្រោះទៅបើកលុយអស់ ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះ មានឈ្មោះ វ៉ាន់ ឆានន្ទ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្ដាតឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់ ។ មកស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។ ចំណែកឯជនរងគ្រោះវិញឈ្មោះ ឈ្មោះញ៉េបឡេងភេទប្រុសអាយុ៦៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានទីលំនៅភូមិអណ្ដូងជ័យឃុំគ្រោះស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿង និង ឆបោកយកលេខកុងធនាគារបើកយកលុយអស់១៥០០ដូល្លារ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យបាន ហៅម៉ូតូឌុបរបស់ជនរងគ្រោះ ដោយប្រើលេសថា ឲ្យជូនទៅមើលដី និង ផ្ទះរបស់ខ្លួនជាច្រើនកន្លែងនៅក្នុងភូមិទួលក្រឡាញ់ បន្ទាប់មកក៏អោយជនរងគ្រោះឈប់ម៉ូតូនៅចំណុចខាងក្រៅក្បែរថយន្តទំនើប01គ្រឿងដែលម្ចាស់គេចតចោល នៅពជាប់របងមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយប្រាប់ជនរងគ្រោះថា រថយន្តនេះជារថយន្តបងរបស់ខ្លួនដែលកំពុងចូលសួររកទិញដីខាងក្រោយមន្ទីរនោះ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពីរៀបរាប់ប្រាប់ជនរងគ្រោះរួចហើយ ជនរងគ្រោះបានជឿទុកចិត្ត បន្ទាប់ជនសង្ស័យក៏បានល្បួងសុំខ្ចីម៉ូតូទៅឌុបបងរបស់ខ្លួនម្នាក់ទៀតដែលមានផ្ទះនៅជិតនេះ ដោយជឿទុកចិត្តជនរងគ្រោះក៏បានព្រមប្រគល់ម៉ូតូអោយខ្ចី រួចក៏ជិះគេចទៅបាត់តែម្ដង។ ម៉ូតូដែលជនសង្ស័យបោកយកទៅ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកស្លាកលេខបាត់ដំបង ១T-៧៨៣៦នៅក្នុងកែបម៉ូតូ មានកាតអេធីអឹមធនាគារ ។

សមត្ថកិច្ចបានឲ្យដឹងថា លុះដល់ថ្ងៃទី១៩ ខែមិថុនា ជនសង្ស័យបានទូរស័ព្ទមកជនរងគ្រោះដោយក្លែងបន្លំជាបុគ្គលិកធានាគារ សួររកលេខកុង ធនាគា ដោយកុហកថា លេខកុងធនាគាមុនត្រូវបានគេស្គាល់ ហើយបម្រុងនឹងលួចលុយ ដូចនេះត្រូវឲ្យលេខកុងមកដើម្បីបិទកុងនេះ ។ ពេលដែលឲ្យរួចរាល់ ជនសង្ស័យបានលេខកុងធនាគារហើយក៍ដកយកលុយពីកុងអស់១៥០០ដូល្លាថែមទៀត ។

ក្រោយមកជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច ហើយសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់ម៉ោងជាង៥ល្ងាច បានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅផ្ទះជួលមួយកន្លែង នៅសង្កាត់កំពង់ឆ្នាំង ។

ជនសង្ស័យត្រូវបានសមត្ថិកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖