ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ បន្ទាប់ពីស្រវឹងទាញដាវដេញកាប់បុរសជនជាតិវៀតណាម កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ទន្លេ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណុះ រ៉ហ្វា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែអ៊ិស្លាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរកម្មករ។ចំណែកជនរងគ្រោះដែលត្រូវជនបង្កទាញដាវដេញកាប់ខាងលើនេះ មានឈ្មោះ សុខ យៀ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរកម្មករសំណង់(ពុំមានរងរបួស) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យស្រវឹងស្រាបានកាន់ដាវកែច្នៃ១ដើមដេញកាប់ទៅលើជនរងគ្រោះតែសំណាងជនរងគ្រោះដឹងខ្លួនទាន់បានរត់គេចបាត។បានមួយសន្ទុះទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះ២ ហើយសមត្ថកិច្ចក៏ទៅឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង ដោយដកហូតបាន ដាវកែច្នៃចំនួន ១ដើមប្រវែង៦តឹកផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ អរុណរះ