ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងផង ងងឹតផង មើលផ្លូវលែងឃើញជិះម៉ូតូធ្លាក់ពីស្ពាន៧មករារងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូឌុបគ្នាទាំងសភាពស្រវឹងស្រា រួមទាំងផ្លូវងងឹតមើលមិនឃើញ ក៏ជ្រុលចង្កូតទៅបុកនឹងគំនរសំបកដូង ហើយរអិលចូលស្ទឹងក្រោមស្ពាន៧មករា បណ្តាលអោយរងរបួសធ្ងន់ ស្រាល៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង០២និង៤៥នាទី រំលងអធាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចគល់ស្ពាន៧មករា តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលមហាសី សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះទាំង៣នាក់ខាងលើមានឈ្មោះទី១ឈ្មោះ ទូន សុឃៀម ភេទប្រុស អាយុ២១ឆ្នាំ ទី២ឈ្មោះសុច ដារា ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ លីន ណា ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំងបីមានមុខរបរកម្មករស្លរដែក ស្នាក់នៅភូមិអូអណ្ដូង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានសង្កេតឃើញយុវជនរងគ្រោះ៣នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកម៉ូតូហុងដាឌ្រឺមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BW-6047 ឌុបគ្នាធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះស្រវឹងផង និងផ្លូវងងឹតផង ក៏បានទៅបុកគំនរសំបកដូងងាប់ដែលគេទុកចោលនៅចិញ្ចើមផ្លូវ ហើយជ្រុលចង្កូតធ្លាក់ចូលទៅក្នុងស្ទឹង ក្រោមស្ពាន៧មករាតែម្តង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូជនរងគ្រោះលុះព្រឹកឡើងសមត្ថិកច្ចហៅរថយន្តស្ទូចយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំម្ចាស់យកឯកសារពាក់ព័ន្ឋមកយកទៅវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖