ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសអ្នករត់តាក់ស៊ី ត្រូវប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុច ស្ពានគោល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសង្ស័យជាករណីប្លន់យករថយន្ត។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានប្រទះឃើញស្លាប់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ធឿន ឡារី ហៅគិរី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រត់តាក់ស៊ីពីសៀមរាប-ភ្នំពេញ មានទីលំ ផ្ទះលេខ០៩ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានប្រាប់់ តាមទូស័ព្ទ ថា ករណីឃាតកម្មសម្លាប់អ្នករត់តាក់ស៊ីនោះ មិនមែនកើតត្រង់ចំណុចស្ពាននោះទេ គឺសម្លាប់ពីកន្លែងផ្សេងហើយយកសពមកទាក់ចោលទីនេះតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើពិនិត្យ និងកោសល្យវិច្ឆ័យសព និងសា្រវជ្រាវបន្តតាមនិតិវិធី ដើម្បីកំណត់មុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ ប៊ុន រិទ្ធី