ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានបង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់រហូតជនសង្ស័យភ័យរត់ចុះប្រឡាយទឹកស្អុយក្នុងគោលបំណងរត់គេចខ្លួន តែត្រូវមន្រី្តកងរាជអាវុធហត្ថដែលតាមប្រមាញ់បោយដៃហៅឡើងមកលើគោកវិញយកទៅ ងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ បន្ទាប់ពីរកឃើញថ្នាំញៀន៨កញ្ចប់ដែលជននេះដាក់ក្នុង មួកក្បែរមាត់ប្រឡាយទឹកស្អុយ ។
ហេតុការណ៍បង្រ្កាបជនចែកចាយថ្នាំញៀននេះបានប្រព្រឹត្តទៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុច តាមបណ្តោយផ្លូវ រថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានមានឈ្មោះ ទិត្យ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំ ភោជនីយដ្ឋានបុប្ផារាជធានី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាមុខសញ្ញាចែកចែកថ្នាំញៀនយ៉ាងសកម្មនៅចំណុចខាងលើ ហើយប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៨កញ្ចប់តូចដែលគេលាក់ទុកសម្រាប់ចែកចាយនៅក្នុងមួកពណ៌ខ្មៅមួយ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីមានការសង្ស័យចំពោះឈ្មោះ ទិត្យ ផានិត ជាមុខសញ្ញា ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅចំណុចខាងលើនេះ ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះ ទៅស្រាវជ្រាវប្រទះឃើញ ជនសង្ស័យនៅចំណុចខាងលើក៏បានតាមឃាត់ជនសង្ស័យរូបនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គ្រាន់តែឃើញសមត្ថកិច្ចទៅដល់ភ្លាម ជនសង្ស័យបានរត់គេចខ្លួន និងបានលោតចុះក្នុងទឹកប្រឡាយបន្សល់ទុកថ្នាំចំនួន៨កញ្ចប់តូច នៅលើមួក មាត់ប្រឡាយទឹក។តែយ៉ាងណាមន្រី្តកងរាជអាវុធហត្ថខណ្ឌទួលគោកបានបោយដៃហៅជនសង្ស័យរូបនេះឲ្យហែលមកមាត់ច្រាំងតាមសម្រួលវិញ ហើយខណៈឃើញខ្លួនជនសង្ស័យប្រឡាក់សុទ្ធភក់ទើបសមត្ថកិច្ចសុំទឹកប្រជាពលរដ្ឋលាងខ្លួនឲ្យស្អាតរួចចាប់វាយខ្នោះបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីចាត់ការតាមច្បាប់ ៕ ប្រាថ្នា