ព័ត៌មានទាន់ហេតុការណ៍៖

ករណី​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជាង​២៦ម៉ឺន​ដុល្លារ​អាមេរិក​ ៖​ តុលាការ​នឹង​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិចុងបណ្តឹង

ចែករំលែក៖

ភ្នំពេញ​៖​ក្រោយ​មនុស្ស​ប្រហែល​ជិត​១០០នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ដែល​លោក​ សាន​ សុផាត​ ចៅក្រម​ស៊ើបសួរ​ មិន​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ក្រុម​អ្នក​តវ៉ា​អះអាងថា​ បាន​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជាង​២៦ម៉ឺន​ដុល្លារ​អាមេរិក​ នោះ​ នៅ​សប្តាហ៍​ក្រោយ​នេះ​ តុលាការ​នឹង​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​ចុង​បណ្ដឹង​ ដើម្បី​ធានា​បំណុល​ជូន​ជនរងគ្រោះ​ ។​ នេះ​បើ​តាម​បញ្ជាក់​របស់​ក្រុម​ជនរងគ្រោះ​ ។

ស្ត្រី​រូប​នេះ​ បានត្រូវលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ដោះលែងឲ្យមានសេរីភាពវិញ ។ ប៉ុន្តែ ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវប្រាក់តម្កល់ធានាខ្លួនមួយចំនួន ។

ស្ត្រីរូបនេះឈ្មោះ ឆាយ គឹមហួយ អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះ៥១ហ្សេ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ម៉េង សុខហៀង រួចកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់មក លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ រហូតឈានដល់ការចោទប្រកាន់ស្ត្រីរូបនេះពីបទ រំលោភលើទំនុកចិត្ត រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ចាត់ការតាមនីតិវិធី ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ នៅផ្សារព្រែកលៀប ឈ្មោះ ម៉េង សុខហៀង បានបង្កើតជាសមាគមតុងទីនមួយ ហើយឈ្មោះ ឆាយ គឹមហួយ បានមកលួងលោមសុំចូលរួមលេងតុងទីនចំនួន៦ខ្សែ និង ប្រើល្បិចកលទុច្ចរិត ដោយដាក់បន្លំឈ្មោះខ្មោច ជាកូនតុងទីនជាច្រើននាក់ ។ ក្នុងការលេងនេះ មានខ្សែទី១ តម្លៃ៣០០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៤០៥០០ដុល្លារ ។ ខ្សែទី២ តម្លៃ២០០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៦២០០០ដុល្លារ ។ ខ្សែទី៣ តម្លៃ៥០ដុល្លារ លេងចំនួន៥ក្បាល ស្មើនឹងប្រាក់ចំនួន៧៥០ដុល្លារ ។ ខ្សែទី៤ តម្លៃ១០ដុល្លារលេងចំនួន២០ក្បាល ស្មើនឹងទឹកប្រាក់ចំនួន៤៨៨០០ដុល្លារ ។ ខ្សែទី៥ តម្លៃ១០ដុល្លារ លេងចំនួន១៥ក្បាល ស្មើនឹងទឹកប្រាក់ចំនួន ៧០៣០០ដុល្លារ និង ខ្សែទី៦ តម្លៃ៥ម៉ឺនរៀល លេងចំនួន១០ក្បាល ស្មើនឹងទឹកប្រាក់៤៣២៥០ដុល្លារ ។

ប្រភពដដែលបានអះអាងថា ឈ្មោះ ឆាយ គឹមហួយ បានដេញយកតុងទីននេះទាំងអស់ សរុបចំនួន២៦៥៦០០ដុល្លារ រួចគេចខ្លួនបាត់ ទើបមេតុងទីនឈ្មោះ ម៉េង សុខហៀង បានដាក់ពាក្យបណ្តឹងមកនគរបាល ដើម្បីឲ្យចាត់ការតាមច្បាប់ ៕​ ចេស្តា


ចែករំលែក៖