ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចប្រធានព្រឹទ្ធសភាលើកឡើងថា ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចចំពោះ ប្រទេសវៀតណាម ដែលបានជួយរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាតែងតែងចងចាំជា និច្ចចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាមដែលបានជួយរំដោះ កម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាមកាលពីយប់ថ្ងៃទី២២ ខែមិថុនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ច ចំពោះការជួយឧបត្ដម្ភគាំទ្ររបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមដល់កម្ពុជា ទាំងក្នុងអតីតកាល និងបច្ចុប្បន្នជាពិសេស ការជួយរំដោះកម្ពុជាចេញពីរណ្ដៅមរណៈនៃរបបប្រល័យពូជសាសន៍ប៉ុល ពតក្នុងឆ្នាំ១៩៧៩កន្លងមក។

សម្ដេចវិបុលសេនាភក្ដីបានបញ្ជាក់ថា ក្នុងនាមជាសមាជិក នៃគ្រួសារអាស៊ានដូចគ្នា ជាមួយនឹងទស្សនៈវិស័យ និងបំណងប្រាថ្នារួម ប្រទេសទាំងពីរតែងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នាសំដៅរួមចំណែកដល់សន្តិភាពស្ថេរភាព និងវិបុលភាពរួមទាំងក្នុងតំបន់ និង សកលលោក។

សម្ដេចវិបុលសេនាភក្ដី ក៏បានកត់សម្គាល់ចំពោះការរីកចម្រើន នៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេស និងប្រជាជនទំាងពីរ ដែលស្តែងឱ្យឃើញតាម រយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជាញឹកញាប់ និងការកើនឡើង នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការបន្តរួមគ្នា ជំរុញឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាអ្នកជិតខាងល្អ បងប្អូនល្អ មិត្តភាពជាប្រៃណីកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ។

សម្ដេចវិបុលសេនាភក្ដីបានលើកឡើងទៀតថា តាមរយៈការប្រារព្ធខួប អនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនង ការទូតកម្ពុជា វៀតណាមនាពេលនេះ នឹងបន្ដលើកកម្ពស់បន្ថែមទៀតនូវមនោសញ្ចេត នាសាមគ្គីភាព មិត្ដភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីវិបុលភាពនៃប្រជាជាតិទាំងពីរ ក្នុងឋានៈជាប្រទេសជិតខាងល្អ និងជាសមាជិកអាស៊ានដូចគ្នាផងដែរ។

លោក ថាច់ យ៉ី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានឱ្យដឹងថានេះគឺជាការបញ្ជាក់យ៉ាង ឧត្តុង្គឧត្តមនៃចំណង មិត្តភាពដ៏សិ្នទ្ធស្នាល និងសាមគ្គីភាព ហើយក៏ជាព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាម- កម្ពុជា ដែលបង្ហាញអំពីកត្តាវិជ្ជមានក្នុងការ រក្សាសន្តិភាព រវាងប្រទេសទាំងពីរនិងនៅក្នុងតំបន់។

លោកបានបន្ដថា ក្នុងរយៈពេលកន្លងមកនេះ វៀតណាម និងកម្ពុជាបានប្រកាន់ យកគោលការណ៍ ជាប្រទេសជិតខាងល្អ មិត្ដភាពជាប្រពៃណី និងកិច្ចសហប្រតិបត្ដិការ លើគ្រប់វិស័យដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងពិតប្រាកដជូនប្រជាជន នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ស្របពេលដែលទំនាក់ទំនងនយោបាយត្រូវបាន លើកម្ពស់យ៉ាងសកម្មទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក៏បានកើនឡើងគួរឱ្យកត់ សម្គាល់។

ជាក់ស្តែង ក្នុងឆ្នាំ២០១៦កន្លងមក ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានជិត ៣ពាន់លានដុល្លារអាម៉េរិក ហើយក៏មាននិន្នាការកើនឡើងកាន់តែខ្ពស់ទៀត ដោយថ្នាក់ដឹកនាំបានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេ ភាគីឱ្យកើនឡើងដល់៥០០០ លានដុល្លារនាឆ្នាំខាងមុខ។

ចំណែកការវិនិយោគរបស់វៀតណាមនៅកម្ពុជា ក៏ត្រូវបានពង្រីកផងដែរជាពិសេសលើវិស័យកសិឧស្សាហកម្មធនាគារ និងវិស័យទូរគមនាគមន៍។

សូមបញ្ជាក់ថា កម្ពុជានិងវៀតណាម បានបង្កើតទំនាក់ទំនងការទូតចាប់តាំងពីឆ្នាំ១៩៦៧មកម៉្លេះហើយគិត រហូតមកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល៥០ឆ្នាំ៕ ហេង សូរិយា


ចែករំលែក៖