ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជាចោរគាស់ផ្ទះត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនតាមរយៈកាមេរ៉ាសុវត្ថិភាព

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ជាចោរ​គាស់​ផ្ទះ​លួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន​តាមរយៈកាមេរ៉ា​សុវត្ថិភាព កាលពីរសៀល ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចប្លុកផ្ទះជួល ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យរួម​ជាមួយវត្ថុតាងត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចនគរបាល​ក្រុងតាខ្មៅ ដើម្បីចាត់ការ​តាមច្បាប់ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះកែ ជីវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មគោល ឃុំថ្មគោល ស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នដើរស្នាក់នៅមិនពិត​ប្រាកដ ។

ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ជនសង្ស័យរូបនេះបានជិះម៉ូតូមកធ្វើសកម្មភាពគាស់បន្ទប់ជួលស្នាក់នៅ របស់ជនរងគ្រោះ​ឈ្មោះ ប៊ុន សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឲ្យក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ/សង្កាត់កើតហេតុខាងលើ ។ ក្រោយពីធ្វើសកម្មភាពបាន​សម្រេចយកបានទ្រព្យសម្បត្តិមួយចំនួនជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ក្រោយមកទើបមានការភ្ញាក់ផ្អើល គ្រាដែលជនរងគ្រោះជាម្ចាស់បន្ទប់ត្រឡប់មកពី​ធ្វើការវិញ បន្ទាប់មកទើបមានសាក្សីមកបំភ្លឺ និងមើលឃើញភិនភាគជនសង្ស័យតាមរយៈ​កាមេរ៉ាសុវត្ថិភាព ។ ទោះបីជាមានសាក្សី និងភិនភាគជនសង្ស័យយ៉ាងណាក្តីសមត្ថកិច្ចមិន​អាចចាប់ខ្លួនជនសង្ស័យបាននោះទេ ព្រោះជនសង្ស័យជាមនុស្សក្រៅមូលដ្ឋាន ។ លុះមក​ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរស់នៅប្លុកបន្ទប់ជួលបានប្រទះឃើញជន​សង្ស័យជិះម៉ូតូចូល ក៏នាំគ្នាធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យ ។

ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ០១​គ្រឿង ម៉ាកMIO ពណ៌សលាយខ្មៅ បិទស្កុតពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ1A-7803 ,ពិល ពណ៌ខៀវចំនួន១ (របស់ជនរងគ្រោះ) ,រូបព្រះធ្វើអំពីស្ពាន់ចំនួន១អង្គ(របស់ជនរងគ្រោះ) ,កាបូបស្ពាយ ពណ៌ខ្មៅចំនួន១ ,កាបូបដៃពណ៌ខ្មៅចំនួន១ ,ប្រាក់រៀលចំនួន១៥០០រៀល ,ប្រាក់ដុល្លា(គូយ័ន្ត)ចំនួន២ដុល្លា ,ទួណឺវីសចំនួន១ ,សោលេខ២៤ចំនួន២ ,សោលេខ១៩ចំនួន១ដើម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖