ភ្នំពេញ ៖ ថ្មីៗនេះ លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជា បានថ្លែងនូវការកោតសរសើរ អំពី សេរីភាពសាសនានៅកម្ពុជា ពិសេសរដ្ឋាភិបាលកម្ពុជា ដែល បានអនុញ្ញាតឲ្យកុមារឥស្លាម ស្លៀកពាក់ប្រពៃណី គឺមិនថា បុរសនិងស្រ្ដី។ តើជំនឿសាសនា បានឆ្លុះបញ្ចាំងអ្វីខ្លះក្នុងអារ្យធម៌ខ្មែរ ។
លោក William AHeidt បានថ្លែងថា៖ បើនិយាយពីខ្មែរ ជាជនជាតិមួយមានភាពទន់ភ្លន់ ញញឹម រួសរាយ រាក់ទាក់ និងចេះជួយយកអសារគ្នា តែម៉ឺងម៉ាត់។ នេះ គឺខ្មែរឈរលើគោលការណ៍គោរពនិងឲ្យតម្លៃ (មេ )ជា ចម្បង។
ចំពោះគោលការណ៍នេះ ទាក់ទងនិងរឿងរ៉ាវទេវកថាព្រះ នាងលីវយី ជាបឋមក្សត្រី និងព្រះបាទ ហ៊ុន ទៀន ជាជន បរទេសដែលបានច្បាំងគ្នា និងចុងក្រោយបានរៀបអភិសេកនិងគ្នា គឺបង្ហាញពីតួនាទីស្រ្ដី ជាអ្នកអហិង្សានិងបញ្ចប់សង្រ្គាម។ នេះជា ទស្សនវិជ្ជារបស់ខ្មែរ ហើយបានជ្រួលជ្រាប យ៉ាងទូលំទូលាយក្នុងសង្គម ដូចជាព្រះភ័ត្រ្ដព្រះបាទជ័យវរ្ម័នទី៧ បង្ហាញពីភាពស្ងប់ស្ងាត់ ទន់ភ្លន់ និងមានអានុភាព។
ស្ថិតក្នុងបរិបទនោះ ដោយហេតុថា ពួកចំណូលស្រុកទាំងនោះ បាននាំមកជាមួយនូវសាសនាធំៗពីរ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ផ្សំនិងជំនឿម្ចាស់ស្រុក ជាអាទិ៍៖ជំនឿជីវចលនិយម និងប្រពៃណី ទំនៀមទម្លាប់ ខ្មែរ បង្កើតបានជាអារ្យធម៌ដ៏រឹងមាំបំផុតរបស់ខ្លួន ហើយក៏នៅរក្សាអត្ដសញ្ញាណជាខ្មែរដដែល។នេះហើយ ជាលក្ខណៈពិសេសក្នុងការសំយោគរបស់ខ្មែរ។
លោក រត្ន័ សណ្ដាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ បានបញ្ជាក់ថា៖ ដោយសារតែឈរលើទស្សនវិជ្ជានេះហើយ ទើបក្នុងជំនឿខ្មែរ គឺមានលក្ខណៈជាការសំយោគគ្នានៅគ្រប់ដំណាក់កាលប្រវត្ដិសាស្រ្ដ លើកលែងតែរបបខ្មែរក្រហមប៉ុណ្ណោះ ព្រោះជារបបមួយដែលអ្វីៗត្រូវបានបំបាត់។ បើហេតុនេះ បានសេចក្ដីថាបើមេដឹកនាំណា លោកមានជំនឿលើសាសនាណាជាផ្លូវការ គឺលោក លើកសាសនានោះឲ្យខ្ពស់ រីឯសាសនាដទែទៀត គឺស្ថិតនៅបន្ទាប់បន្សំតែប៉ុណ្ណោះ។ ជាក់ស្ដែង សិលាចារឹកK.956 ស.វ.ទី១០ ក្នុងរាជ្យព្រះបាទ យសោវរ្ម័នទី១ បានរៀបរាប់ថា៖ ថ្វីត្បិតទ្រង់កាន់ព្រហ្មញ្ញសាសនាក៏ដោយ ក៏ទ្រង់ពុំបានបោះបង់ចោលព្រះពុទ្ធសាសនាផងទេ ។
មានន័យថា៖ ខ្មែរ គឺជាជនជាតិមួយដែលពូកែសំយោគ ជំនឿសាសនាឲ្យរស់នៅជាមួយគ្នាយ៉ាងសុខមដុមរមនាបំផុតក្នុងលោក ហើយនេះ ក៏ជាមោទនភាពខ្មែរផងដែរ ដែល យើងទាំងអស់គ្នាគួរដឹង។
លោកបានបញ្ជាក់ថា៖ ក្នុងសព្វថ្ងៃនេះទៀតសោត ក៏ដូច្នេះដែរ។ បានសេចក្ដីថា ចំពោះសម្ដេចតេជោ ហ៊ុន សែន កាន់ព្រះពុទ្ធសាសនាជាផ្លូវការ ហើយសម្ដេច បានចូលរួមនិងឧបត្ដម្ភដល់សាសនា នានាដែលមានវត្ដមាននៅកម្ពុជា គឺសម្ដេច បានដើរតាមលំឱនបុព្វបុរសរបស់ខ្លួន ដែលមានតំាងពីព្រេងនាយ មកម៉្លេះ។ ហើយនេះ គឺជារបៀបផ្សះផ្សាជំនឿសាសនា និងសង្គមដើម្បីឲ្យមានភាពសុខមដុមរមនានិងគ្នា។ ដោយហេតុថា៖ នៅប្រទេសមួយចំនួន ដែលមានការបែកបាក់និងជម្លោះ ក៏មានចំណុចចាប់ផ្ដើមពីការប្រងើយកន្ដើយ ការរើសអើង និងការមិនយកចិត្ដទុកដាក់ទៅលើបញ្ហាក្នុងការសុខមដុមភាវូបនីយកម្ម រវាងជាតិសាសន៍ និងសាសនានេះឯង។
ជាសរុបចំពោះការថ្លែងនូវការកោតសរសើររបស់លោក William A. Heidt ស្ដីពីសេរីភាពសាសនានិងភាពសុខមដុមរមនានៅកម្ពុជា គឺពិតជាត្រឹមត្រូវ ព្រោះបានឆ្លុះបញ្ចាំងអំពីជំនឿសាសនាក្នុងអារ្យធម៌ខ្មែរ។ បើដូច្នេះ បើប្រទេសនានា លើលោក មានបញ្ហាសាសនា គួរមកកម្ពុជា ដើម្បីដកបទ ពិសោធន៍និងយកជាគំរូ៕ សំរិត