ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសហុងកុងហ្វឹកហាត់ សម្រាប់ការពារប្រធានាធិបតីចិនស៊ី ជីងពីន មកទស្សនកិច្ច

ចែករំលែក៖

កម្លាំងប៉ូលិសបានហ្វឹងហាត់ធានាដល់សន្តិសុខជូនប្រធានាធិបតីចិនស៊ី ជីងពីន ដែលនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់កោះហុងកុងនាពេលខាងមុខ ។ កម្លាំងសន្តិសុខហុងកុងបានហាត់សមទប់ស្កាត់ ការបើករថយន្តសំដៅទៅលើក្បួនរថយន្តរបស់ប្រធានាធិបតី។

សារព័ត៌មានហុងកុងនៅថ្ងៃទី២៦ ខែមិថុនា បានផ្សាយថា កម្លាំងប៉ូលិសការពារ FEG មានតួនាទី ការពារក្បួនរថយន្តរបស់ប្រធានាធិបតីស៊ី ជីងពីន។ តាមគម្រោង ប្រធានាធិបតីចិន នឹងទស្សនកិច្ចទៅកាន់ កោះហុងកុងនៅថ្ងៃទី២៩ ខែមិថុនា ខាងមុខ ក្នុងរយៈពេល៣ថ្ងៃ និងចូលរួមខួប ២០ឆ្នាំ ថ្ងៃដែលហុងកុងត្រូវបានរដ្ឋាភិបាលអង់គ្លេសសងទៅប្រទេសចិនវិញ នាថ្ងៃទី១ ខែកក្កដា ។

ពលរដ្ឋហុងកុងមួយចំនួនធំបានប្រឆាំងនឹងរដ្ឋាភិបាលចិនដីគោក ដែលគ្រប់គ្រងលើ ប្រព័ន្ធរដ្ឋបាននៅលើកោះនេះ។ ពលរដ្ឋហុងកុងចង់មានការគ្រប់គ្រង ដោយស្វាយ័ត និង ជ្រើសរើសមេដឹកនាំដោយខ្លួនឯង មិនមែនជ្រើសចេញពីប្រទេសចិននោះឡើយ។

ក្រុមអ្នកឯកទេសានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះ អាចនឹងបញ្ឆេះឲ្យមានភាពតានតឹងខ្លាំង ព្រោះពលរដ្ឋហុងកុងភាគច្រើន យល់ថា ប៉េកាំង កំពុងលូកដៃកាន់ជ្រៅមកក្រសោបដែនកោះ និង លេបត្របាក់សេរីភាពហុងកុងកាន់តែខ្លាំងឡើងៗ។

គ្រប់គ្នារង់ចាំដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីស៊ី ជិងពីន នៅហុងកុងនាឱកាសថ្ងៃខួប២០ឆ្នាំ នៃការបញ្ចប់អាណានិគមកិច្ចអង់គ្លេសលើហុងកុងណាស់ ប៉ុន្តែគ្មានអ្នកទទួលខុសត្រូវនយោបាយណាម្នាក់ហ៊ានអះអាង ដោយច្បាស់លាស់ទេ នៅដំណាក់កាលនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីដែរ ។

ប៉ុន្តែបើតាមសារព័ត៌មាន South China Morning Post ប្រធានាធិបតីចិនស៊ី ជីងពីន ពិតជានឹងអញ្ជើញទៅហុងកុងជាលើកទីមួយមែន ដោយនឹងអញ្ជើញទៅត្រួតពិនិត្យមូលដ្ឋានយោធា នៃកងទ័ពប្រជាមានិតចិន នៅភាគកណ្តាលនៃកោះផង និងការដ្ឋានសាងសង់ដែលជាផែនការដ៏សំខាន់ៗផង។ លោកស៊ី ជីងពីន និងភរិយា នឹងទៅដល់ហុងកុងនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី ១ ខែកក្កដា ដែលត្រូវចំថ្ងៃខួប២០ឆ្នាំគត់ នៃការប្រគល់ហុងកុងមកឱ្យចិនវិញពីអង់គ្លេស។ នេះបើតាមលម្អិតរបស់សារព័ត៌មានដដែល។

ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅជួនចំពេលដែលបណ្តាជនហុងកុងជាច្រើន មានអារម្មណ៍ថា ប៉េកាំងកំពុងពង្រឹងឥទ្ធិពលគ្របដណ្តប់លើដែនកោះ។ ក្តីព្រួយបារម្ភរីកធំធាត់ខ្លាំង រហូតដល់ក្រុមអ្នកជ្រុលនិយមខ្លះ ចង់ប៉ះបោរទាមទារឯករាជ្យឱ្យហុងកុងតែម្តង។ ចលនាបាតុកម្មស្វាគមន៍ដំណើរមកដល់របស់លោក ស៊ី ជីងពីន បានត្រៀមចុះថ្នល់ជាស្រេចហើយ ។

សូមបញ្ជាក់ថា អង់គ្លេសបានប្រគល់ហុងកុងឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ជាមួយកិច្ចសន្យាធានាសេរីភាពហុងកុងតាមគោលការណ៍ រដ្ឋមួយប្រព័ន្ធពីរ។ ហុងកុងត្រូវស្ថិតក្នុងលក្ខន្តិកៈពិសេសនេះ រយៈពេល៥០ឆ្នាំ ពោលគឺហុងកុង ជាតំបន់មានសេរីភាពខ្លាំងជាងគេបង្អស់នៅចិនរហូតដល់ឆ្នាំ២០៤៧។ ប៉ុន្តែបើយោងទៅលើឥទ្ធិពល និងទង្វើលូកដៃរបស់ប៉េកាំងមកលើហុងកុងតាមរយៈការធ្វើកំណែទម្រង់នយោបាយ រារាំងអ្នកជាតិនិយមជ្រុលមិនឱ្យចូលអង្គុយលើអសនៈសភានៅហុងកុង គោលការណ៍នេះ ហាក់កំពុងផ្អៀងទៅខាង “រដ្ឋតែមួយ” ជាងខាង “ប្រព័ន្ធពីរ”៕ ម៉ែវ សាធី


ចែករំលែក៖