ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនមិត្តហ្វូនបង្កការលំបាកដល់អតិថិជនតបណ្តាញអ៊ីនធើណេតដែលសន្យាមួយថ្ងៃហើយមួយថ្ងៃទៀត…!

ចែករំលែក៖

ខេត្តកណ្តាល៖ អតិថិជនម្នាក់ រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល​បានខឹងសម្បា និងអន់ចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុន (Metfone) ដែលខ្វះទំនួលខុសត្រូវ និងមានបំណងកេងប្រវ័ញ្ចលើអតិថិជនចំពោះការតភ្ជាប់បណ្តាញអ៊ីនធើណេតប្រើប្រាស់តាមផ្ទះ (Wi-Fi)​។

លោក ជី គឹមហុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិលេខ៣ ឃុំត្រើយស្លា ស្រុកស្អាង បានឲ្យដឹងថា ដោយតម្រូវការចាំបាច់ប្រើប្រាស់អុីនធើណេតនៅផ្ទះរបស់លោកច្រើនជាចាំបាច់រាល់ថ្ងៃ ទើបលោកសម្រេចចិត្តទំនាក់ទំនងទៅកាន់ក្រុមហ៊ុនមិត្តហ្វូនសួរព័ត៌មានដើម្បីតភ្ជាប់បណ្តាញប្រើប្រាស់ ព្រោះថាលោកមានទំនុកចិត្តទៅនឹងល្បឿនអុីនធើណេតរបស់ក្រុមហ៊ុនមិត្តហ្វូន ។ បន្ទាប់ពី សួរព័ត៌មានរួចលោកក៏បានសម្រេចចិត្តជ្រើសរើសយកបណ្តាញ FTTH ដែលមាន តម្លៃ១៥ដុល្លាក្នុងមួយខែ ។

អតិថិជនបានបន្តថា ក្រោយមកបាន ប៉ុន្មានថ្ងៃគឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ បុគ្គលិកផ្នែកលក់ឈ្មោះ HAV SRON បានចុះមកទំនាក់ទំនងជាមួយរូបលោកដល់លំនៅឋានដើម្បីធ្វើពាក្យសុំចុះឈ្មោះប្រើប្រាស់សេវាកម្មទូរគមនាគមន៍ កិច្ចព្រមព្រៀងបង់លុយមុនចំនួន៦ខែ។ បន្ទាប់ពីបំពេញឯកសាររួចរាល់លោកក៏ បានប្រគល់លុយចំនួន១១០ដុល្លារសហ រដ្ឋអាមេរិកទៅឲ្យបុគ្គលិកឈ្មោះ HAV SRON ដែលមានលេខទូរស័ព្ទ 088 930 7749 / 088 789 7896 ។

ជាមួយគ្នានោះដែរបុគ្គលិកឈ្មោះ HAV SRON បានប្រាប់លោកថា ក្រុមជាងនឹងចុះមកអូសខ្សែតភ្ជាប់បណ្តាញឲ្យប្រើប្រាស់រយៈពេលយ៉ាងយូរមួយសប្តាហ៍ក្រោយ។ អ្វីដែលធ្វើឲ្យលោកខកបំណងនោះគឺចាំ អស់រយៈពេល១០ថ្ងៃហើយនៅតែមិនឃើញ វត្តមានក្រុមជាងចុះមកតភ្ជាប់បណ្តាញ ។

លោក ជឺ គឹមហុង បានបញ្ជាក់ថា នៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ លោកបានសម្រេចចិត្តទំនាក់ទំនងទៅកាន់ក្រុមហ៊ុន ប៉ុន្តែអ្វីដែលធ្វើឲ្យរូបលោកហួសចិត្តជាខ្លាំងនោះគឺបុគ្គលិកប្រចាំក្រុមហ៊ុនបានប្រាប់លោកថា គណនីដែលមានឈ្មោះរបស់លោកបានប្រើប្រាស់បណ្តាញតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧មកម្លេ៉ះ (មានន័យថាបានប្រើប្រាស់បណ្តាញក្រោយពី បំពេញឯកសារ និងបង់លុយរយៈពេល ២ថ្ងៃ) ។

ក្រោយពីទទួលបានព័ត៌មានដ៏ហួស ចិត្តនោះលោកក៏បានរៀបរាប់ពីដំណើរដើមទងដល់បុគ្គលិកដែលកំពុងឆ្លើយឆ្លងតាមទូរស័ព្ទ ហើយបុគ្គលិកក៏បានសុំលេខទូរស័ព្ទរបស់លោកដើម្បីរាយការណ៍ជូនថ្នាក់លើទំនាក់ទំនង និងដោះស្រាយបញ្ហានេះ ។

លោក ជឺ គឹមហុង បានបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា នៅតែមិន ទាន់ឃើញមានអ្នកមកទំនាក់ទំនងនិងចុះមកតភ្ជាប់បណ្តាញ លោកក៏បានឆាតតាម MESSENGER ទៅកាន់គណនីហ្វេសប៊ុករបស់ក្រុមហ៊ុនមិត្តហ្វូនរាយការណ៍ពីការយឺតយ៉ាវ និងបំណងកេងប្រវ័ញ្ចនេះ។ ខណៈនោះបុគ្គលិកប្រចាំការឈ្មោះ Maly បានឆ្លើយតបនិងតម្រូវឲ្យលោកថតឯកសារ (ពាក្យសុំចុះឈ្មោះប្រើប្រាស់សេវា កម្មទូរគមនាគមន៍-កិច្ចព្រមព្រៀង) ផ្ញើឲ្យ គាត់(Maly)មើល។ ភ្លាមៗនោះលោកក៏បានយកទូរស័ព្ទដៃម៉ាក SAMSUNG GALAXY S8+ ថតឯកសារយ៉ាងច្បាស់ផ្ញើ ទៅ។ អ្វីដែលធ្វើឲ្យលោកហួសចិត្តមួយ កម្រិតទៀតនោះគឺបុគ្គលិកឈ្មោះMaly បាន ឆ្លើយតបមកវិញថា ឯកសារដែលខ្ញុំថតផ្ញើទៅនោះមិនសូវច្បាស់មើលមិនឃើញ និងបានប្រាប់ឲ្យខ្ញុំរង់ចាំដំណោះស្រាយនៅ ពេលក្រោយ ។

រហូតដល់រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនបាន រៀបចំប្រព័ន្ធអិុនធើណេតឲ្យអតិថិជនបាន រួចរាល់ហើយ។ បុគ្គលិកក្រុមហ៊ុននេះអះ អាងថា ការយឺតយ៉ាវដោយសារមានការ ភ័ន្តច្រឡំទីតាំងរបស់អតិថិជន៕ ស្អាងជ័យ


ចែករំលែក៖