ភ្នំពេញ៖ ជនសង្ស័យម្នាក់បានបន្លំលួចម៉ូតូ គេយកទៅបញ្ចាំបាន៥ម៉ោង ត្រូវម្ចាស់តាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះជួលជិតគុកទួលស្លែង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ចាន់ សុខវិចិត្រា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ កន សុវណ្ណា ភេទប្រុស អាយុ ២១និស្សិត ស្នាក់នៅផ្ទះលេខ ១០៦E1ផ្លូវ៨០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយម៉ូតូដែលជនសង្ស័យលួចយកទៅគឺម៉ាក ឌ្រីមសង់ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH 0759 ។
ប្រភពបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រហែលជា៣រសៀល ជនរងគ្រោះបានជិះម៉ូតូទៅលេងហ្គេមបាញ់ត្រីនៅក្នុងកោះពេជ្រ ពេលនោះបានទុកសោនៅលើតុ តែត្រូវជនសង្ស័យលួចយកសោរទៅចាក់ជិះគេចខ្លួនបាត់ស្រមោល ហើយនៅពេលដែលបានចេញមករកម៉ូតូមិនឃើញ ក៏បានឆោឡោរួចបានឲ្យម្ចាស់ហ្គេមឆែកកាមរា ក៏បានឃើញសម្មភាពជនសង្ស័យយកម៉ូតូភ្លាមៗក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទន្លេបាសាក់ ហើយដោយមានអ្នកស្គាល់ផ្ទះជួលជនសង្ស័យបាននាំទៅរក ក៏ឃើញហើយនាំទៅលួសម៉ូតូមកវិញ ដែលគេយកទៅបញ្ចាំនៅឃ្លាំងរំសេវចំនួន១៦០(ដុល្លារ)ដោយជនរងគ្រោះចំណាយលុយខ្លួនឯង ព្រោះលុយដែលបញ្ចាំនោះជនសង្ស័យបានចាយអស់ហើយ ។
ក្រោយពីលោះម៉ូតូបានមកវិញ ហើយជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការបន្តតាមច្បាប់៕ ស រស្មី