ភ្នំពេញ៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារនិងកូនចៅម្នាក់ ត្រូវបាននាំមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា នេះ ដើម្បីជំនុំជម្រះបទល្មើសលួចលក់ដីអង្គភាពតម្លៃជិត៧ម៉ឺនដុល្លារអាមេរិក ។
សវនាការនេះ ដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោក ងិន ពេជ ជាតំណាងអយ្យការ ។
ជនជាប់ចោទឈ្មោះ គង់ មករា ជាប្រធានមន្ទីររ៉ែនិងថាមពល និងឈ្មោះ ងួន ផល្លី ជាប្រធានគណនេយ្យ ជាប់ចោទពីបទ បំផ្លាញដោយចេតនា និង បទគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ។
ដើមចមដែលនាំឲ្យមានការចោទប្រកាន់នេះ ត្រូវបានប្រភពព័ត៌មាន បញ្ជាក់ថា កាលពីពេលកន្លងទៅ លោក គង់ មករា និង លោក ងួន ផល្លី បានឃុបឃិតគ្នាលក់ដីទំហំប្រមាណ ១៣ម៉ែត្រគុណនឹង៧៤ម៉ែត្រ តម្លៃចន្លោះពី ៧ ទៅ ៨ម៉ឺនដុល្លារអាមេរិក នៅក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងអំឡុងឆ្នាំ២០១៤។
ដោយសារការលួចលក់ដីរដ្ឋនេះ បិទមិនជិត ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមឱវាទ ប្តឹងមកសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេត។ ក្រោយមក សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ មានភស្តុតាងគ្រប់គ្រាន់ក៏បានហៅអ្នកទាំងពីរមកបំភ្លឺកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយសម្រេចឃាត់ខ្លួនតែម្តង។
ជនជាប់ចោទ ថ្លែងក្នុងសវនាការថា ខ្លួនមិនបានលក់ដីរដ្ឋទេ គឺដីនោះមិនស្ថិតក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋទេ ហើយបានប្រជុំជាមួយមន្ត្រីក្រោមឱវាទមុននឹងលក់ដីនេះ។ ពេលលក់ដីបានប្រាក់ គឺបានបែងចែកអោយមន្ត្រីក្រោមឱវាទដើម្បីយកទៅចិញ្ចឹមជីវិត ដែលមានជីវភាពខ្វះខាត ហើយមិនបានយកប្រាក់នោះដាក់ចូលក្នុងហោប៉ៅខ្លួនឯងទេ។
លោក ងិន ពេជ ជាតំណាងអយ្យការ សន្និដ្ឋានថា ជនជាប់ចោទដឹងថា ដីនោះជាដីរបស់រដ្ឋ ហើយ បានរៀបចំជ្រើសរើសឈ្មោះងួន ផល្លី ជាអ្នកឈរឈ្មោះលក់ដី។ ដូច្នេះតំណាងអយ្យការសូមកែប្រែ បទល្មើសទៅជា បទ កេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង ៥៩៨ នៃក្រមព្រហ្ម ទណ្ឌ វិញ។
ចំណែកមេធាវីការពារជនជាប់ចោទបានធ្វើសេចក្តីសន្និដ្ឋានថា ដីនេះត្រូវបានគេរំលោភយកតាំងពីមុនឆ្នាំ២០០០មកម្ល៉េះ ហើយវាផុតអាជ្ញាយុកាល ទើបគាត់យកដីនេះលក់ រួចបែងចែកប្រាក់ អោយមន្ត្រីក្រោមឳវាទដើម្បីជួយក្នុងជីវភាព គ្មានចេតនាទុច្ចរិតយកប្រាក់ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនទេ។
ក្រោយការសួរដេញដោលនិងស្តាប់សេចក្តិសន្និដ្ឋានរួចហើយ តុលាការបានលើកពេលប្រកាស សាលក្រមរឿងក្តីនេះទៅថ្ងៃទី៤ ខែកក្កដា ខាងមុខវិញ៕ ចេស្តា