ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ចបដិសេធបំពេញមហិច្ឆតាក្រុមហ៊ុន អេងឌីប៉ូយកដី១៦៩០ហិកតានៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធចំពោះការស្នើសុំអនុប្រយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឲ្យក្លាយទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋលើផ្ទៃដីទំហំ១៦៩០ហិកតា ស្ថិតនៅក្នុងឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ប្រគល់ទៅឲ្យក្រុមហ៊ុនអេងឌីប៉ូ ។ ការបដិសេធនេះ បន្ទាប់ពីក្រសួងកសិកម្មសុំអន្តរាគមន៍នៃការអនុប្រយោគលើដីទំហំ១៦៩០ហិកតានោះ នៅគ្រាដែលគេដឹងថា ក្រុមហ៊ុនមិនមានដីគ្រប់ចំនួននោះឡើយ ។

យោងតាមលិខិតរបស់លោកទេសរដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា «ដើម្បីពិនិត្យ និងបន្តនីតិវិធីលើករណីស្នើសុំនេះឲ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សូមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនឹងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីចុះបញ្ជីដីធ្លីឲ្យបានត្រឹមត្រូវជាមុនសិន មុននឹងលើកសំណើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញនីតិវិធីធ្វើអនុប្រយោគ» ។ នេះមានន័យថា ការស្នើសុំរបស់ក្រសួងកសិកម្ម ដើម្បីបំពេញមហិច្ឆតាឲ្យក្រុមហ៊ុន អេងឌីប៉ូ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបដិសេធហើយ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ក្រសួងកសិកម្មបានធ្វើលិខិតមួយច្បាប់ផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសុំអនុវត្តនីតិវិធី នៃការធ្វើអនុបយោគលើដីទំហំ១៦៩០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល របស់ក្រុមហ៊ុន អេងឌីប៉ូ ពីដីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាដីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។

មជ្ឈដ្ឋាននានាបានលើកឡើងថា ការស្នើសុំធ្វើអនុបយោគលើផ្ទៃដី១៦៩០ហិកតាឲ្យក្រុមហ៊ុនអេងឌីប៉ូ តើរដ្ឋបានដីមកពីណាឲ្យគ្រប់ទំហំ១៦៩០ហិកតា ព្រោះថាកន្លងមក រដ្ឋាភិបាលបានសម្រេចបង្កើតគណៈរដ្ឋបាលខេត្ត ដើម្បីចុះវាស់វែងផ្ទៃដីមួយចំនួនដែលក្រុមហ៊ុនរំលោភយកពីប្រជាពលរដ្ឋ ហើយបានចេញប័ណ្ណកម្មសិទ្ធិប្រគល់ឲ្យប្រជាពលរដ្ឋកាន់កាប់វិញ ។ ចំណែកក្រុមហ៊ុនមានផ្ទៃដីតែ៩៨០ហិកតា ។ នេះបើយោងតាម ស.ជ.ណ. លេខ៩៩របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ។

ពាក់ពន្ធ័នឹងបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅភូមិកំពង់អុស សួរថា តើ តួលេខ ចំនួន ១៦៩០ ហិតតា របស់លោក រដ្ឋមន្ត្រី ស្នើទៅសុំធ្វើអនុបយោគនោះ ក្រុមហ៊ុនបានដីពីណាមក បើគណៈរដ្ឋមន្ត្រី កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ សម្រេច ឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បន្តសកម្មភាពដាំដុះស្រូវប្រដេញទឹក នៅលើផ្ទៃដី៩៨០ហិចតានោះ។ ឬមួយលោក រដ្ឋមន្ត្រី ប្រើល្បិចថ្មីរំលោភដីរាស្ត្រ ប្រគល់អោយក្រុមហ៊ុន តាមរយះធ្វើអនុបយោគ ?។

គួររំលឹកដែរថា ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ បានសេចក្តីជូនដំណឹងសម្រេច លេខ៨៩ ស.ជ.ណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្តីពីការការសម្រេចឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បន្តសកម្មភាព ដាំដុះស្រូវប្រដេញទឹក នៅលើផ្ទៃដី៩៨០ហិចតាបន្តទៀត ស្ថិត នៅឃុំ កំពង់អុស ស្រុក ពញ្ញាឮ ។ ក្រោយមក កាលពី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាន ប្រារព្ធធ្វើពិធី ប្រគល់លិខិតសេចក្តី សម្រេច ទៅអោយ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍។

ប្រជាពលរដ្ឋនិយាយ ពាក់ពន្ធ័នឹងបញ្ហានេះ ពួកគាត់មិនដឹងថា លោក រដ្ឋ មន្ត្រីក្រសួងកសិកម្ម និងក្រុមហ៊ុន ឃុបឃិតគ្នាបែបណាទេ ទើប ធ្វើលិខិត ទៅលោក ទេសរដ្ឋមន្ត្រី សេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ ធ្វើអនុបយោគ ពី ដី ទ្រព្យសម្បត្តិរដ្ឋទៅ ជាទ្រព្យសម្បត្តិឯកជន ដើម្បីប្រគល់ដី ទំហំ ១៦៩០ ហិតតា ទៅអោយ ក្រុមហ៊ុនឌីប៉ូ បញ្ហានេះ ត្រូវបាន ប្រជាពលរដ្ឋសួរថា តើ ក្រុមហ៊ុនបានដីពីណាទៀត ចំនួន ១៦៩០ ហិកតា អភិវឌ្ឍន៍ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ នគរវត្តមិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុន អេងឌីប៉ូបានទេកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ពីព្រោះគ្មានលេខទូរស័ព្ទ ៕ ហេង សូរិយា


ចែករំលែក៖