ខ្ញុំបាទពិតជាសោកស្តាយ នៅពេលដែលឃើញឈើគ្រញូង១២០ដុំ ដែលមានទម្ងន់ប្រមាណ២២៤៨គីឡូក្រាម ត្រូវអាជ្ញាធរមានសមត្ថកិច្ចខេត្តពោធិ៍សាត់ដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ វាជាប្រភេទឈើកម្រ និងមានតម្លៃ ។ បើទោះបីជាមានកំហុសឆ្គងយ៉ាងណាគួរតែចាប់អ្នកជួញដូរឈើទៅផ្តន្ទាទោស មិនមែនត្រូវដុតឈើចោលយ៉ាងដូច្នោះទេ ។
ក្រុមអ្នករកស៊ីបានប៉ាន់ប្រមាណថា ឈើទាំងនោះមានតម្លៃជាង៤ម៉ឺនដុល្លារ ហើយប្រសិនបើមិនបានដុតវាទេនោះ គេអាចយកឈើនេះប្រគល់ឲ្យរដ្ឋបាលព្រៃឈើដាក់ដេញថ្លៃយកប្រាក់ទៅកសាងសមិទ្ធផលអ្វីផ្សេងៗ ។ នៅឯពិធីដុតបំផ្លាញឈើគ្រញូងនោះ ខ្ញុំបាទឮក្រុមសមត្ថកិច្ចផ្សេងៗដែលបានចូលរួមសម្តែងនូវការសោកស្តាយចំពោះការដុតបំផ្លាញឈើគ្រញូងនេះ ។ ម្យ៉ាងទៀត គេនិយាយថា វាគ្រាន់តែពិធីធ្វើឲ្យល្អមើល ពីព្រោះឈើគ្រញូងនេះ មិនមែនជាអ្នកទោសនោះឡើយ ។ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច គួរតែព្យាយាមប្រឹងប្រែងស្វែងរកក្រុមអ្នកជួញដូរឈើនៅតំបន់នោះយកមកផ្តន្ទាទោស ។
ខ្ញុំបាទមិនដឹងថា តើហេតុអ្វីបានជាអាជ្ញាធរសម្រេចដុតឈើនោះចោល? អាចមានការយល់ឃើញថា ប្រសិនបើឈើនោះប្រគល់ឲ្យរដ្ឋបាលព្រៃឈើ នោះមន្ត្រីរដ្ឋបាលព្រៃឈើលួចឈើនោះលក់បន្តទៀត ។ ដូច្នេះ ដើម្បីកុំឲ្យសាំញាំវែងឆ្ងាយតែទៅទៀត គឺសម្រេចដុតឈើចោលតែម្តង ។
យ៉ាងណាក៏ដោយ ការសម្រេចយករបស់មានតម្លៃទៅដុតចោល គឺជារឿងដែលគួរឲ្យសោកស្តាយបំផុត ។ ខ្ញុំអាចនិយាយបានថា «មានពេជ្រមិនចេះឆ្នៃ, មានអង្ករខ្វះឆ្នាំង» នោះឡើយ ។ ការដុតឈើគ្រញូងនោះចោល ប្រៀបដូចជាការដុតប្រាក់នៅក្នុងហៅប៉ៅរបស់ខ្លួនយ៉ាងដូច្នោះដែរ ។ ការដុតឈើគ្រញូងនោះ មិនមែនមានន័យថា បានបញ្ចប់ទាំងស្រុងចំពោះបញ្ហាបទល្មើសព្រៃឈើនៅតំបន់នោះឡើយ ។ ដូច្នេះខ្ញុំបាទសង្ឃឹមថា លើកក្រោយ មិនមានការដុតបំផ្លាញរបស់មានតម្លៃដើម្បីព្រមានក្រុមអ្នករកស៊ីនោះឡើយ ៕ ប្រជាពលរដ្ឋម្នាក់