ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទាំងងងុយដេក ជ្រុលបុករថយន្តកុងតឺន័រចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 AL 6528 បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀត រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងរថយន្តកុងតឺន័រចំពីមុខពេញទំហឹងបណ្តាលឲ្យគាប់ជាប់គ្នាតែម្តង ប៉ុន្តែមិនមានអ្នករងរបួស។
បើតាមម្ចាស់រថយន្តឡិចស៊ីសបានឲ្យដឹងថា រូបគាត់បើករថយន្តងងុយដេកទើបជ្រុលបុកបែបនេះ។
ទាក់ទងនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កការកកស្ទុះចរាចរណ៍ជាខ្លាំងផងដែរ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកុងតឺន័រសុំរថយន្តជួសជុលរៀងខ្លួន មិនរំខានដល់សមត្ថកិច្ច៕ សុខាសែនជ័យ