ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន NOCC៖ ចង់ឃើញប្រដាល់គុនខ្មែរ ស្ពាយមេដាយមកជូនជាតិ សម្រាប់បេសកម្មដំបូងនៅស៊ីហ្គេម ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចង់ឃើញប្រដាល់គុនខ្មែរ ប្រើសមត្ថភាពពិត ស្ពាយមេដាយមកជូនជាតិ សម្រាប់ដំណើរបំពេញបេសកម្មលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមចន្លោះពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ លោកបានថ្លែងបែបនេះ ក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កីឡាករកីឡាការិនី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកប្រធាន NOCC មានប្រសាសន៍ថា តាមរបាយការណ៍ របស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឃើញថា ប្រដាល់គុនខ្មែរ មានសកម្មភាពខ្លាំង ព្រោះក្នុងសប្តាហ៍ មាន១២កម្មវិធី នៅតាមស្ថានីយទូរទស្សន៍ ឯកជន ក្នុងស្រុក ក្នុងនោះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ ជាហូរហែផងដែរ។ ម្យ៉ាងវិញទៀត ប្រដាល់គុនខ្មែរ ប្រជាពលរដ្ឋខ្មែរពេញនិយមខ្លាំងណាស់។ ព្រោះ ក្បាច់គុននេះ ជាប្ញស្សគល់ របស់ដូនតាខ្មែរ ដូចដែលយើងបានដឹង និងឃើញស្រាប់ ដោយមានចម្លាក់តាមជញ្ជាំងប្រាសាទបុរាណ នៅអង្គរវត្ត។

លោកបានបញ្ជាក់បន្ថែមថា លោកចង់ឃើញកីឡាករប្រដាល់គុនខ្មែរ ស្ពាយមេដាយ មាស ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី យកមកបង្ហាញថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ឲ្យឃើញពីសមត្ថភាព ក្នុងនាមប្រភេទកីឡាប្រពៃណីដ៏ពេញនិយម និងល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា នាបច្ចុប្បន្ន។

លោក ថោង ខុន បញ្ជាក់ថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងនាមកម្ពុជាត្រូវប្រើប្រាស់ឈ្មោះថា ការកួតប្រដាល់គុនខ្មែរដើម្បីឲ្យប្រទេសនៅក្នុងតំបន់អាស៊ានមកប្រកួតជាមួយ។ លោកបញ្ជាក់ថា ក្នុងនាមយើងជាម្ចាស់ផ្ទះនឹងជាម្ចាស់ដើមរបស់ក្បាច់គុនមួយនេះ ចាំបាច់ត្រូវប្រជែងយកមេដាយមាសឲ្យបានច្រើនលើវិញ្ញាសារនេះ ដើម្បីបង្ហាញនូវអត្តសញ្ញាណជាតិក្បាច់គុនខ្មែរ។

លោកបានបន្តទៀតថា តាមរយៈការដឹកនាំគ្រប់គ្រងរបស់ប្រធានសហព័ន្ធកីឡាគុនខ្មែរនាពេលកន្លងមក របស់លោកតែមម៉ឺន ឃើញថា កីឡាប្រដាល់គុនខ្មែរ មានការរីកចំរើន និងអភិវឌ្ឍឆ្ពោះទៅរកគុណភាពសម្រាប់ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា ក្រុមកីឡាករប្រដាល់គុនខ្មែរដែលត្រូវបញ្ជូនទៅចូលរួមប្រកួតស៊ីហ្គេមនៅម៉ាឡេស៊ីមាន៥នាក់គឺកីឡាករ ម៉ឺន សុភា ប្រភេទទម្ងន់៧១ គីឡូក្រាម កីឡាករម៉ឺន សុខហុច ប្រទម្ងន់ ៦៧គីឡូក្រាម កីឡាករ វ៉ាន់ វឿន ហៅ សុខ ទូ ប្រភេទទម្ងន់ ៥៤គីឡូក្រាម កីឡាករ ឡៅ ចិត្រ្តា ទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ ឃុម ឌីម៉ា ទទម្ងន់៦៣.៥គីឡូក្រាម ។

លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក៏កីឡាករបម្រុងទាំង៥នាក់ផ្សេងទៀត សម្រាប់ឲ្យពួកគេហ្វឹកាហាត់សមជាមួយគ្នា ដើម្បីជំរុញបន្ថែមនូវ សមត្ថភាព តាមកម្មវិធីហ្វឹកហាត់ឲ្យគុណផលប្រសើរឡើងឈានឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ឆ្នាំនេះ៕ សារីម


ចែករំលែក៖