ព័ត៌មានទាន់ហេតុការណ៍៖

ចិនថ្កោលទោស ឯតៃវ៉ាន់វិញអរគុណអាមេរិកដែលបានលក់អាវុធឲ្យ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ។ សកម្មភាពទាំងនោះនឹងធ្វើឲ្យការខិតខំកន្លងមក ក្នុងការបង្កើនទំនាក់ទំនង អាមេរិកចិន លើគ្រប់វិស័យ ទាំងនយោបាយការបរទេស និងសេដ្ឋកិច្ច អាចប្រឈមនឹងការបែកបាក់ ។ ទំនាក់ទំនងដ៏ល្អទាំងនោះ ហាក់កំពុងតែសាបរលាប ក្រោយពេល ដែលរដ្ឋាភិបាលអាមេរិក បានសម្រេចលក់អាវុធទៅឲ្យតៃវ៉ាន់ ហើយថែមទាំងបានដាក់ពិន័យធនាគារចិនមួយទៀតផង។

រដ្ឋាភិបាលចិន បានជះកំហឹងដាក់សហរដ្ឋអាមេរិក តាមរយៈសំដីរបស់លោក លូ កាង អ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យតំណាងរដ្ឋាភិបាលចិនរូបនេះ បានសម្តែងការមិនសុខចិត្ត ចំពោះការដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចបិទច្រកមិនឲ្យធនាគារចិនមួយ ឈ្មោះ Dandong Bank រកស៊ីនៅលើផ្សារហិរញ្ញវត្ថុអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិន បានធ្វើការថ្កោលទោសជាឱឡាឫក ប្រឆាំងនឹងការដែលអាមេរិក បានចុះកិច្ចសន្យាលក់អាវុធ ទៅឲ្យកោះតៃវ៉ាន់ ក្នុងតំលៃ ប្រមានជា១៣០០លានដុល្លារ។ លោកលូ កាង បាននិយាយថា រដ្ឋាភិបាលចិន សង្ឃឹមថា រដ្ឋាភិបាលអាមេរិក និងកែតម្រូវកំហុងឆ្គងទាំងនេះជាបន្ទាន់ ពុំនោះទេ គឺវានឹងប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យដដែលនេះ ក៏បានឆ្លៀតរិះគន់ សម្តីរបស់ក្រសួងការបរទេសអាមេរិក ដែលបាននិយាយថាព្រួយបារម្ភពីការចុះថយ នូវការគោរពសិទ្ធិសេរីភាព នៅដែនដីហុងកុង។

ផ្ទុយទៅវិញ មេដឹកនាំប្រទេសតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការស្វាគមន៍ ចំពោះដំណឹងថ្មី ស្តីអំពីកិច្ចព្រមព្រៀង លក់អាវុធជាលើកដំបូង របស់សហរដ្ឋអាមរិក ជាមួយនឹងតៃវ៉ាន់ នៅក្នុងអាណត្តិនៃការដឹកនាំ របស់ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើការសរសេរអាមេរិក ចំពោះការព្រមលក់ អាវុធឲ្យប្រទេសខ្លួន ដែលមានទំហំទឹកប្រាក់ជិត ១,៤ពាន់លានដុល្លារ ស្របពេលដែលកំពុង មានភាពតានតឹងកើនឡើង ជាមួយប្រទេសចិន បន្ទាប់ពីលោកស្រី បដិសេធមិនព្រមទទួល យកគោលនយោបាយ “ចិនតែមួយ” របស់ប៉េកាំង ។

តាមប្រភពព័ត៌មានពី UPI លោកស្រីប្រធានាធិបតី ប្រទេសលើកោះរូបនេះ បាននិយាយថា ការផ្តល់ឲ្យនូវប្រព័ន្ធ ការពារជាតិទាំងនេះ នឹងជួយពង្រឹងដល់ សមត្ថភាពការពារជាតិតៃវ៉ាន់ ហើយនេះក៏នឹងជួយ បង្កើននូវទំនុកចិត្ត និងសមត្ថភាព ក្នុងការថែរក្សាឲ្យបាន នូវស្ថានភាពសន្តិភាព និងស្ថិរភាពទូទៅទឹកដីតៃវ៉ាន់ ៕ ម៉ែវ សាធី


ចែករំលែក៖