ខេត្តកណ្តាលៈ យុវជនម្នាក់ជាអតិថិជនចូលលេងអ៊ីនធឺណេតនៅក្រុងណេតបានធ្វើសកម្មភាពល្បួងបុគ្គលិកចូលទៅក្នុងបន្ទប់ទឹកចាក់ប្រហារជាច្រើនកាំបិតស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៤ និង៥១នាទីរសៀល ថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២៥១ មានបើសេវាអ៊ីនធឺណេត យីហោក្រុងណេត (ក្បែរក្រុមហ៊ុនMetfone) តាមបណ្តោយផ្លូវលេខ២០៥ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់/ក្រុងតាខ្មៅ ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនចេញពីតាំងក្រុងណេត ដោយនាំយកកាំបិតដែលជាវត្ថុតាងទៅជាមួយផងដែរ ។ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ តែសមត្ថកិច្ចស្គាល់ភិនភាគតាម រយៈកាមេរ៉ាសុវត្ថិភាព ។ គេនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលនាំអោយជនសង្ស័យដាច់ចិត្តលើកដៃកាន់កាំបិតប្រហារជនរងគ្រោះយ៉ាងដូច្នេះ តែបើតាមពិនិត្យមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ជនសង្ស័យហាក់បីដូចជាត្រៀមរួចជាស្រេចក្នុងការចាក់សម្លាប់ជនរងគ្រោះ ព្រោះថាគេ(ជនសង្ស័យ)បានត្រៀមកាំបិតរួចជាស្រេចទុកនៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកក្រុងណេត មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅទីតាំងក្រុងណេត ។ ចំណែកឯជនសង្ស័យមានភិនភាគដូចខាងក្រោមនេះ ភេទប្រុស អាយុប្រហែល២០ឆ្នាំ សម្បុរស ពាក់អាវសាច់ ក្រណាត់ដៃវែង ពណ៌ផ្កាឈូក ស្លៀកខោខៅប៊យ ក្រ ជើងវែង ពណ៌ខៀវ និងមានស្ពាយកាបូប ពណ៌ខ្មៅ ។
ប្រភពដដែលបានបន្តថា តាមការពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព និងការបំភ្លឺពីសាក្សី នៅមុនពេលកើតហេតុជនសង្ស័យបានចូលទៅលេងអ៊ីនធឺណេតនៅទូលេខ៧ បន្ទាប់មកជន សង្ស័យក៏បានស្ពាយកាបូបដើរចូលទៅក្នុងបន្ទប់ទឹក គ្រានោះជនសង្ស័យបានស្រែកហៅជនរងគ្រោះដែលជាបុគ្គលិកប្រចាំនៅទីនោះឲ្យចូលទៅក្នុងបន្ទប់ទឹក ដោយប្រាប់ជនរងគ្រោះថាលូបង្គន់ស្ទះ ។ ពេលជនរងគ្រោះចូលទៅក្នុងបន្ទប់ទឹកបានមួយសន្ទុះ ស្រាប់តែឮជនរងគ្រោះស្រែកថា (បងកុំៗ ) ។ ក្រោយមកទៀតក៏ស្ងាត់សម្លេងនោះ ហើយជនសង្ស័យក៏បានស្រែកហៅយុវជនម្នាក់ទៀតដែលកំពុងលេងហ្គេមឲ្យចូលទៅក្នុងបន្ទប់ទឹក ដោយប្រាប់ថា មេការ(ជនរងគ្រោះ)ដួលបោកក្បាលក្នុងបន្ទប់ទឹក ដោយមានការសង្ស័យយុវជនរូបនេះមិន បានចូលទៅក្នុងបន្ទប់ទឹកទេ ពោលគឺបានរត់ចេញទៅក្រៅស្រែកអោយគេជួយ។ ភ្លាមៗនោះជនសង្ស័យក៏បានរត់គេចខ្លួនចេញពីតាំងក្រុងណេតដោយនាំយកកាំបិតដែលជាវត្ថុតាងទៅជាមួយផងដែរ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាលបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនសង្ស័យចាក់ប្រហារដោយកាំបិត បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ស្ទើសុះសាច់អស់ទៅដោយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលកំពុងបន្តសហការជាមួយនគរបាលក្រុងតាខ្មៅ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ស្អាងជ័យ