ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត រ៉េត ស៊ូហ្សាណា និង Step បានតំណែងតួឯកក្នុងរឿងភាគថ្មី

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀងថ្មីសម្រស់ស្រស់សោភា កញ្ញា រ៉េត ស៊ូហ្សាណា ទើបនឹងលេចមុខមាត់ខ្លាំងនៅផលិតកម្មហង្សមាសទទួលបានឱកាសយកភាពល្បីល្បាញបានយ៉ាងលឿន ។ ឱកាសបង្កើនភាពលេចធ្លោររបស់នាងថែមទៀតនោះគឺផលិតកម្មបានលើកនាងឲ្យសម្តែងជាតួឯកស្រីក្នុងភាពយន្តភាគថ្មីមួយ ដោយសម្តែងរួមជាមួយកម្លោះសង្ហាភ្នែកតឹងលោក Stepជាលើកដំបូង។

ក្រោយសម្រុកផលិតភាពយន្តភាគដាក់ទូរទស្សន៍របស់ខ្លួនផលិតកម្មហង្សមាសបានបញ្ចេញតារាចម្រៀងរបស់ខ្លួនជាច្រើនចេញថតខ្សែភាពយន្តភាគមានដូចជាលោកព្រាបសុវត្ថិកញ្ញាឱកសុគន្ធកញ្ញាលោកឆនសុវណ្ណរាជអ្នកនាងពេជ្រសោផាកញ្ញាសុគន្ធនីសាជាដើម។ប្រភពពីសិល្បករម្នាក់បានទម្លាយថាភាពយន្តដែលពួកគេសម្តែងរួមគ្នាជាតួឯកមានចំណងជើងថា “បិសាចគួរឲ្យស្រលាញ់” ។ ភាពយន្តថ្មីនេះបាននឹងកំពុងធ្វើការផលិត ដោយគ្រោងនឹងបញ្ចប់ និងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាសនៅពេលដ៏ខ្លីខាងមុខ។ មានការបញ្ជាក់ពីក្រុមការងារផលិតភាពយន្តថាផលិតកម្មលើកមុខមាត់ រ៉េត ស៊ូហ្សាណាខ្លាំង ទាំងការផ្តល់បទចម្រៀង និងការសម្តែង។

ប្រភពបន្តថាភាពយន្តភាគដែលនាងចូលរួមសម្តែងជាលើកដំបូងនេះជាប្រភេទរឿងខ្មោច និងកំប្លែងដោយមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួងទៀត មានដូចជាអ្នកនាងខាត់ សុឃីម, យាយយ៉យ , សាន ស្រីឡៃ , ប៉ាច គីមមួយ, សួង សាខារ៉ានីត, ពេជ្រ សោភា , វង្ស តារារតនា, ឆឹម សក្កដា, កូនប្រុសនាយពែកមី ហើយម្ចាស់បទ “ស៊ូឃ្លាត” វង្ស ដារ៉ារតនា គឺជាតួបិសាច។

តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា និងលោក Step នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមបាននៅឡើយទេ ខណៈដែលតារាសម្តែងក្នុងរឿងនេះសុទ្ធតែមិនហ៊ានទម្លាយព្រោះតែជាប់បម្រាមផលិតកម្ម ដែលសូម្បីតែថតរូបផុសលើបណ្តាញទំនាក់ទំនងសង្គមក្តី។ ទោះជាយ៉ាងនេះមិនមែនជាលើកទី១ទេដែលផលិតកម្មបានដាក់បម្រាមសិល្បករដែលថតឲ្យផលិតកម្មខ្លួនក្រោមហេតុផលចង់ឲ្យទស្សនិកជនភ្ញាក់ផ្អើល។

ទោះជាយ៉ាងណាប្រភពពីបុគ្គលិកម្នាក់របស់ផលិតកម្មហង្សមាសទម្លាយថារឿងនេះនឹងធ្វើឲ្យ រ៉េត ស៊ូហ្សាណា និងStep កាន់តែលេចមុខមាត់ខ្លាំង ពិសេសតួឯកស្រីដែលកំពុងលេចធ្លោរ ក្រោយពីនាងកាន់តែមានទីផ្សារ និងតម្លៃខ្លួនហក់ឡើងខ្លាំងដែរ។ ប្រសិនបើតារាស្រីវ័យ១៨ឆ្នាំរូបនេះបន្តការខំប្រឹងនិងពង្រីកការគាំទ្រកាន់តែខ្លាំងនាងក៏នឹងមានឱកាសប្រកួតប្រជែងជាមួយតារាលំដាប់ជួរមុខក្នុងផលិតកម្មនេះផងដែរ៕ វឌ្ឍនា


ចែករំលែក៖