ភ្នំពេញ៖ ភ្លៀងធ្លាក់ជោកជាំមួយលាយឡំខ្យល់ និងផ្លេតបន្ទោរភ្លែតៗ ហើយក៏មានរន្ទះបាញ់មកលើសារ៉ាវត្រូវបងប្អូនខ្មែរឥស្លាមបណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ស្រាលហើយត្រូវសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងសារ៉ាវស្ថិតនៅតាមបណ្តោយមាត់ទន្លេមេគង្គ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា (ជិត Hotel សុខខា) ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះម៉ីត ស្លេះ អាយុ៦៥ឆ្នាំស្នាក់នៅភូមិថ្មី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ទី២ឈ្មោះម៉ីត យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះក្នុងក្រុមទី១០ ភូមិ១ សង្កាត់ខណ្ឌជ្រោយចង្វា របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ទី៣ឈ្មោះ សេន ណាសៀត អាយុ៤៩ឆ្នាំ រស់នៅបណ្តោះអាសន្នកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ៥នាក់កំពុងអង្គុយផឹកតែជជែកគ្នាលេង ពីនេះពីនោះសុខៗ នៅក្នុងសារ៉ាវ ក៏ស្រាប់តែមានភ្លៀងលាយឡំខ្យល់កន្ទ្រាក់យ៉ាងខ្លាំង មួយសន្ទុះក៏មានផ្លេកបន្ទោរព្រៀកៗ ស្រាប់តែមានរន្ទះបាញ់ផាំងមកចំសារ៉ាវតែម្តង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង រីឯអ្នកផ្សេងទៀតសន្លប់លែងដឹងខ្លួនម្នាក់ ពេលដឹងខ្លួននិងម្នាក់ទៀតរងរបួសស្រាលក៏នាំគ្នាដឹកតាមទូកមកមន្ទីរពេទ្យតែម្តង ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ នៅកម្ពុជាដោយបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ ខែកក្កដា ឆ្នាំ២០១៧នេះ៕ ជ្រោយពេជ្រ