ព័ត៌មានទាន់ហេតុការណ៍៖

លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ៤អាណត្តិជាប់គ្នាប្រកាសចូលកាន់តំណែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក កាន់ ឡឹង ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយចៅសង្កាត់គំរូរូបនេះជាប់ជាចៅសង្កាត់៤អាណត្តិជាប់គ្នា ពោលគឺចាប់តាំងពីឆ្នាំ២០០២ដល់ឆ្នាំ២០១៧នេះ ។

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ អាណត្តិទី៤ ក្រុងព្រះសីហនុនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៣ សមាជិកក្រុមការងារចុះជួយសង្កាត់លេខ៣ កងកម្លាំងប្រជាកាពារសង្កាត់ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋផងដែរ

លោក កាន់ ឡឹង កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៥០ នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

នៅឆ្នាំ១៩៨៦ លោកបានផ្លាស់ទីលំនៅទៅរស់នៅកំពង់សោម ដែលបច្ចុប្បន្ន ខេត្តព្រះសីហនុ។

មុននឹងជាប់ឆ្នោតក្លាយជាចៅសង្កាត់លេខ៣ នៅឆ្នាំ២០០២ លោកធ្លាប់ធ្វើជាប្រធានក្រុម អនុប្រធានភូមិ ប្រធានភូមិ និងធ្លាប់ធ្វើជាចៅសង្កាត់រងអស់រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០២។ លុះដល់មានការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០០២នៅប្រទេសកម្ពុជា លោកត្រូវបានគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តឱ្យឈរនៅលេខរៀងទី១ នៃបញ្ជីឈ្មោះបេក្ខភាពសមាជិកក្រុមប្រឹក្សាសង្កាត់លេខ៣ ហើយត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រដោយ សម្លេងច្រើនលើសលុប និងបានធ្វើជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីពេលនោះមក។

ក្នុងមុខតំណែងជាចៅសង្កាត់លេខ៣ លោកបានខិតខំបំពេញការងារ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ពីចិត្តពីថ្លើម។ ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងសង្កាត់ត្រូវបានអភិវឌ្ឍជាលំដាប់ និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ប្រជាពលរដ្ឋដែលមានវ័យចាស់ និងក្រលំបាក តែងតែទទួលបានការយកចិត្តទុកដាក់គិតគូរជួយដោះស្រាយ និងជួយឧបត្ថម្ភជាថវិកា អង្ករ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីលោកចៅសង្កាត់លេខ៣។ តាមរយៈសកម្មភាពនេះ លោកទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងកាន់តែមានប្រជាប្រិយភាពពីមួយអាណត្តិទៅមួយអាណត្តិ។ រហូតដល់ឆ្នាំ២០០៧ ឆ្នាំ២០១២ និងថ្មីៗ២០១៧នេះ លោកត្រូវបានជាប់ឆ្នោតធ្វើជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ មកដល់ បច្ចុប្បន្ន។

ជារួមលោកបានជាប់ឆ្នោតជាចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចំនួន ៤ អាណត្តិ គិតចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន ៕ ចេស្តា


ចែករំលែក៖