ក្រោយពេលបញ្ចប់អាណត្តិជាប្រធានាធិបតីដឹកនាំអាមេរិកដែលមានការងារ មមាញឹកបំផុត ក្នុងរយៈពេល៨ឆ្នាំ លោក អូបាម៉ា ពេលនេះមានពេលវេលាគ្រប់ គ្រាប់ដើម្បីជួបជុំ និងដំណើរកម្សាន្តទៅក្រៅប្រទេសជាមួយក្រុមគ្រួសារ។ នៅ ពេលនេះ លោកបានទៅធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដែលជាប្រទេសសម្ពន្ធមិត្ត របស់អាមេរិក ហើយលោក អូបាម៉ា ក៏ធ្លាប់ ទៅទីនោះកាលពី៣ឆ្នាំមុន។ កន្លងមក លោក អូបាម៉ា ក៏បានទៅកាន់ប្រទេស អាល្លឺម៉ង់ហើយចូលរួមថ្លែងសុន្ទរកថាផងដែរ។
តាមគម្រោងនៅពេលធ្វើដំណើរកម្សាន្តទៅកូរ៉េខាងត្បូង លោកនឹងថ្លែងសុន្ទរកថា ដែលមានប្រធានបទភាពជាអ្នកដឹកនាំ ទៅកាន់ពលរដ្ឋកូរ៉េខាងត្បូង។ រាល់ពេល បញ្ចប់អាណត្តិ មេដឹកនាំអាមេរិកគ្រប់រូបរកប្រាក់ចំណូលបានជាច្រើនពីការថ្លែងសុន្ទរកថាអំពីបទពិសោធន៍នៃការដឹកនាំរបស់ ខ្លួន។
តាមការលើកឡើងរបស់ក្រុមអ្នករៀបចំកម្មវិធី និងមន្រ្តីស្ថានទូតបានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃចន្ទកន្លងទៅ បាននិង កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងត្បូងដើម្បីចូលរួមក្នុងសន្និសីទនៅក្នុងទីក្រុងសេអ៊ូល ហើយលោកនឹងឡើង ថ្លែងសុន្ទរកថាស្ដីពី ភាពជាអ្នកដឹកនាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ កាលពីថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៧។
អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅដល់ ព្រលានយន្ដហោះអន្ដរជាតិ Gimpo កាលពីយប់ថ្ងៃទី២ ខែកក្កដា និងមានការ អមដំណើរដោយភរិយារបស់លោក គឺ លោកស្រី Michelle Obama និងកូនស្រី ២នាក់ទៀត។ ក្រៅពីការថ្លែងសុន្ទរកថា លោក អូបាម៉ា គ្រោងនឹងជួបជាមួយនឹង អតីតប្រធានាធិបតី Lee Myung-bak ដែលបានកាន់តំណែងក្នុងអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ផងដែរ៕ ម៉ែវ សាធី