ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយខេត្តក្រចេះបញ្ជាឲ្យសមត្ថកិច្ចនគរបាល អាវុធហត្ថចាប់ឡានឈើ៥គ្រឿងរបស់ឈ្មួញ(នី-អាត)ដឹកបំផ្លាញផ្លូវនិងបាក់ស្ពានអង្រ្គង

ចែករំលែក៖

ខេត្តក្រចេះ៖ នៅថ្ងៃនេះទី៣ ខែកក្កដា ឆ្នាំ២០១៧ អភិបាល នៃគណៈអភិបាលខេត្តក្រចេះលោក ស ចំរ៉ុង បានបញ្ជាដល់កងរាជអាវុធហត្ថ និងនគរបាលខេត្តក្រចេះ ឲ្យតាមចាប់រថយន្តដឹកឈើខុសច្បាប់ចំនួនប្រាំគ្រឿង បន្ទាប់ពីបានដឹកផ្ទុកធ្ងន់បំផ្លាញផ្លូវ-ស្ពាន មួយកន្លែងនៅក្នុងស្រុកសំបូរ។ ជាមួយនិងការសម្រេចចិត្តចេញចំណាត់ការគឺទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង និងពួកគាត់សំណូមពរអោយមានវិធានការផ្លូវច្បាប់ផងដែរទៅលើជនប្រព្រឹត្តបំពានច្បាប់រាល់សកម្មភាពដឹកជញ្ជូនឈើបំផ្លាញ។ មន្ត្រីនិយាយថា៖ ចៅហ្វាយខេត្តដាក់បញ្ជាបែបនេះ ធ្វើឡើងបន្ទាប់ពីលោកព្រមានដកមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមួយរូប កាលពីម្សិលមិញ ដែលលោកចាត់ទុកថា មិនព្រមអនុវត្តច្បាប់ចំពោះឈ្មួញឈើខុសច្បាប់ នៅពេលចាត់ឲ្យទៅពិនិត្យករណីបាក់ស្ពាន។ លោក ស ចំរ៉ុង ក៏បានប្រាប់កាសែតក្នុងស្រុកថា៖ «ខ្ញុំកំពុងតែឲ្យប៉េអឹម និងនគរបាលតាមចាប់។ ព័ត៌មានខ្ញុំដឹងអស់ហើយ កំពុងតាមចាប់។ ខ្ញុំបានដាក់បទបញ្ជាកុំឲ្យវាចេញរួច»។

គួររំលឹកថា៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ រថយន្ដយីឌុបមួយគ្រឿងដឹកឈើរបស់ឈ្មោះ(នី-អាត)បណ្ដាលឲ្យបាក់ស្ពានអូរអង្គ្រង ស្ថិតនៅភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយលោក ស ចំរ៉ុង បានដាក់ផែនការទៅ លោក សូម សារិត អភិបាលស្រុកសំបូរ ឲ្យដាក់បញ្ជាទៅនាយផ្នែករដ្ឋបាលព្រៃឈើ ដើម្បីចុះទៅមើលឡានដឹកឈើបណ្ដាលឲ្យបាក់ស្ពាន និងវាស់វែងរួចធ្វើរបាយកាណ៍។ រហូតមកដល់ថ្ងៃនេះទី៣ ខែកកដ្ដា ឆ្នាំ២០១៧នេះ នៅមិនទាន់មានរបាយការណ៍ណាមួយថា ឈើនោះមានច្បាប់ ឬអត់ទេ ផ្ទុយទៅវិញ ឈើទាំងនេះត្រូវបានគេស្ទូចយកទៅវិញ ចំណែកស្ពានមួយកន្លែងនេះ ត្រូវបានមេឈ្មួញ ឈ្មោះ នី និងឈ្មោះ អាត ជួលគេជួសជុលចាក់ដីបន្ថែម នឹងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជាបន្តទៀត។

លោក ស ចំរ៉ុង បានមានប្រសាសន៍ថា លោកបានសម្រេចដក លោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ចេញឲ្យទៅកន្លែងផ្សេង ក្រោយពីមន្ត្រីរដ្ឋបាលព្រៃរូបនេះមិនអនុវត្តច្បាប់ នៅពេលរថយន្តឈ្មួញដឹកឈើបានបំផ្លាញស្ពានមួយកន្លែង នៅក្នុងខេត្ត។ លោក អឹង ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសប់ នឹងត្រូវផ្ទេរទៅជានាយកផ្នែកក្រចេះ ចំណែកលោក ប៊ួយ រតនា ត្រូវផ្ទេរពីក្រចេះទៅព្រែកប្រសប់ ជាទីដែលមិនសូវមានបទល្មើសព្រៃឈើ។

ជាទម្លាប់មេឈ្មួញ ឈើធំប្រចាំខេត្តក្រចេះ បានបន្តបង្កើតក្បួនឡានឈើធំៗបីគ្រឿងដឹកឈើពេញ របស់ឈ្មោះ នី និងប្ដី ឈ្មោះ អាត កំពុងបើកទៅលាក់ទុកនៅក្នុងតំបន់អតីតក្រុមហ៊ុនចិនឈ្មោះ តុង មិន ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ចំណែករថយន្តពីរគ្រឿងទៀត ដឹកឈើពេញ របស់ឈ្មួញឈ្មោះ អ្នកគ្រូធីតា និងសមត្ថកិច្ចឈ្មោះ រឿនកំពុងលាក់នៅក្នុងទុកនៅក្បែរភូមិរលួសមានជ័យ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

បើទោះមានចំណាត់ការពីគណៈបញ្ជាការឯកភាពខេត្តបែបនេះក៏ដោយ ប៉ុន្តែឈ្មួញដ៏ល្បីប្រចាំខេត្តក្រចេះ(នី-អាត)មិនទាន់ជាមុខសញ្ញាបង្ក្រាប ខណះដឹកឈើបាក់ស្ពាន និងជាមេក្លោងដឹកឈើធំជាងគេនៅខេត្តក្រចេះ ភាគច្រើនទាំងការលើកឈើ ដឹកឈើជាក់ស្តែង តែគាត់ឆ្លាតមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញ ម្លោះហើយធ្វើខ្វាក់ គ ថ្លង់ សំខាន់ទទួលបប្រយោជន៍មានលុយជាង ឆន្ទះបង្ក្រាប៕ ល័ក្ស្មុី


ចែករំលែក៖