ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក ឡិចសុីស បុកសិស្សសាលាអនុវិទ្យាល័យព្រះសីហនុក្រគររបួសធ្ងន់ ២នាក់ បើករត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់អាយុ ១៤ទៅ១៥ឆ្នាំ ជាសិស្សសាលាអនុវិទ្យាល័យ (ព្រះសីហនុក្រគរ)ចំនួន ២នាក់ បានរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក ឡិចសុីសបុកពីក្រោយ ខណៈដែលសិស្សានុសិស្សរងគ្រោះទាំង ២នាក់ ជិះកង់ចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀន។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញរថយន្ត ១គ្រឿងម៉ាកឡិចសុីស ពណ៌ខ្មៅ ប៉ុន្តែគេមើលស្លាកលេខមិនទាន់នោះទេ ហើយបានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកបុកក្មេងកំពុងជិះកង់ស្របទិសគ្នាទាំងកម្រោល បណ្ដាលឲ្យក្មេងរងរបួសទាំង២នាក់ដួលរដូករណែលពេញផ្លូវតែម្តង ចំណែករថយន្តបង្កឃើញសភាពការណ៍បែបនេះ ក៏បន្ថែមល្បឿនឆ្ពោះទៅទិសខាងលិចបាត់ស្រមោល។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបន្តថា ក្មេងស្រីជំទង់រងរបួសទាំង ២នាក់ទី១ ឈ្មោះ សួន រក្សា អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់បាក់ជើង) និងទី២ ឈ្មោះ ឈិន ចាន់សីហា អាយុ ១៥ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) ក្មេងរងរបួសទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បច្ចុប្បន្ន មានទីលំភូមិ ឃុំកើតហេតុខាងលើ ហើយជាសិស្សសាលាអនុវិទ្យាល័យព្រះសីហនុក្រគរ។

លោកនាយប៉ុស្តិ៍បន្តទៀតថា ភ្លាមៗនោះក្មេងស្រីសិស្សសាលារងគ្រោះទាំង ២នាក់ ត្រូវបានចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ចំណែករថយន្តបង្ករាងយឺតពេលបន្តិចមែន ខណៈមិនទាន់មានតម្រុយ ប៉ុន្តែសមត្តកិច្ចបានរាយការណ៍បោះដៃបន្តគ្នា ដើម្បីពួនស្ទាក់ឃ្លាំមើលគ្រប់ច្រកល្ហកផងដែរ៕ បឹុម ពិន


ចែករំលែក៖