ភ្នំពេញ ៖ ស្រីៗជាបុគ្គលិកបារបារាំងរកស៊ី នៅទល់មុខគ្នា បានឈ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រព្រោះតែដណ្តើមម៉ូយកាច់កុងគ្នា កាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៣០ ត្រង់ចំណុចមុខហាង ប្លេកអេនវ៉ាយបារ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានស្រីៗបុគ្គលិកបារបារាំង៤-៥នាក់នៅទល់មុខគ្នាបានមានជម្លោះរឿងដណ្តើមម៉ូយគ្នា រួច បានគប់ដបស្រាដាក់គ្នានិងរត់ទៅវាយគ្នាប្រសាចពេញផ្លូវ រងរបួស ស្រាលម្នាក់។បុគ្គលិកហាងប្លេកអេនវ៉ាយបារ មានគ្នាជាង១០នាក់ បានអង្គុយហូបចុក និងផឹកស្រានៅមុខហាង តែមិនដឹងរឿងអីស្រាប់តែបុគ្គលិកហាងមួយនៅទល់មុខហាងនោះយីហោ Sensations ស្រែកជេរមកលើពួកនាងៗ ហើយបានគប់ថូផ្កាមកលើព្រមទាំងបានយកកូនកាំបិតចិតបន្លែ មកគំរាមចាក់ទៀតតែត្រូវ បានសន្តិសុខ និងប្រជាពលរដ្ឋម្ដុំនោះជួយឃាត់ទាន់។
ចំណែកម្ចាស់ហាង Sensations បានរៀបរាប់ប្រាប់ថា ហាងគាត់មានបុគ្គលិកជាង១០នាក់ដែរ ស្ថិតនៅទល់មុខហាង ប្លេកអេនវ៉ាយបារ កន្លងមកបុគ្គលិករបស់ហាងទាំងពីរនេះតែងតែហៅម៉ូយកាច់កុងគ្នាជាមួយហាងរបស់គាត់ ព្រមទាំងនិយាយឌឺដងឲ្យបុគ្គលិករបស់គាត់សុទ្ធតែនិយាយថាបុគ្គលិកគាត់សុទ្ធតែមានកូនរួចហើយ នៅមកធ្វើការទៀត ។ នៅយប់កើតហេតុនេះ បុគ្គលិកហាង ប្លេកអេនវ៉ាយបារ បានយកកៅអីចំនួន២គប់ទៅខាងហាងគាត់ ទើបបុគ្គលិកគាត់ទ្រាំអត់បាន ក៏ចូលទៅវាយឡើងផ្អើលពេញផ្លូវតែម្តង។
យ៉ាងណាក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ទាំងអស់គ្នាក្នុងគោលបណងយកត្រូវរៀងៗខ្លួន តែដោយសារ មិនបានរងរបួសស្នាមអ្វីទាំងសងខាង ទើបសមត្ថកិច្ចមិនដោះស្រាយហើយឲ្យត្រឡប់ទៅវិញ៕ ប្រាថ្នា