ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកុងតឺន័របើកឆ្លងផ្លូវមិនមើលឆ្វេងស្ដាំត្រូវរថយន្តឡិចស៊ីសកៀរពីក្រោយ ភាគីទាំងពីរមិនដោះស្រាយគ្នា អាងមានក្រុមហ៊ុនធានារ៉ាប់រង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ១គ្រឿង បានបើកឆ្លងផ្លូវដោយមុនពេលឆ្លងមិនបានមើលឆ្វេងស្ដាំមុខក្រោយឲ្យបានច្បាស់លាស់សិននោះទេ ហើយខណៈឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX-350មួយគ្រឿងទៅដល់ ហើយបានវាក់ជាន់ហ្រ្វាំងឈប់មិនទាន់ ក៏បានកៀរពីក្រោយ។ ពេលនោះបានបង្កឲ្យរងការខូចខាតតិចតួច បន្ទាប់មកភាគីទាំងពីរមិនព្រមដោះស្រាយគ្នានោះទេ ព្រោះអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួន ហើយបានទុករថយន្តនៅលើផ្លូវច្រងេងច្រងាងបង្កការកកស្ទះចរាចរផងដែរ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័តមានបានឲ្យដឹងថា រថយន្តកុងតឺបង្កហេតុនោះ ម៉ាកVOLVO ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7593 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរតាមផ្លូវលំក្នុងទិសដៅពីលិចទៅកើតឡើងផ្លូវជាតិលេខ៣ ។ ដោយមិនបានឈប់មើលឆ្វេងស្ដាំសិនទេ លុះពេលឆ្លងជិតផុតទៅហើយ ស្រាប់តែរថយន្ត១គ្រឿងទៀត ម៉ាកឡិចស៊ីស RX-350 ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1239 បើកបេដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីត្បូងទៅជើងបានទៅដល់ល្មម និងបានកៀរពីក្រោយរថយន្តកុងតឺន័រនោះបណ្ដាលឲ្យរងការខូចខាតតិចតួច។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ ភាគីរថយន្តឡិចស៊ីសបានទារសំណងចំនួន៥០ដុល្លារ ប៉ុន្តែខាងរថយន្តកុងតឺន័រព្រមសងតែ២០ដុល្លារប៉ុណ្ណោះ ទើបអត់ត្រូវគ្នា ហើយក្រោយមកភាគីទាំងសងខាងអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួន។ ទើបរង់ចាំឲ្យតំណាងក្រុមហ៊ុនធានារ៉ាប់រងនោះមកដោះស្រាយ និងទុករថយន្តនៅលើផ្លូវច្រងេងច្រងាងបង្កការកកស្ទះចរាចរណ៍ប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃឯទៀត ៕ សុខាសែនជ័យ


ចែករំលែក៖