ភ្នំពេញ ៖ អត្តពលិកស្គីទឹកកកកម្ពុជាបានទទួលស្បែកជើងស្គីទឹកកកពី ក្រុមហ៊ុនផលិតស្បែកជើងកីឡាស្គីទឹកកករបស់ប្រទេសម៉ាឡេស៊ី ឈ្មោះ OWSB ឧបត្ថម្ភ ដើម្បីជួយសម្រួលដល់ការហ្វឹកហាត់ និងសម្រាប់ពាក់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាអំឡុងខែសីហា ខាងមុខ នៅប្រទេសម៉ាឡេស៊ី ។
នាយកគ្រប់គ្រងក្រុមហ៊ុន OWSB (Olympic Warehousing Sdn Bhd) លោក Datuk Tiong Yep Choon បានឲ្យដឹងថា ក្រុមហ៊ុនបានឧបត្ថម្ភស្បែកជើងស្គីទឹកកក ដល់អត្តពលិក កម្ពុជាដែលត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បន្ទាប់ពីក្រុម ហ៊ុនមើលឃើញថា កម្ពុជាទើបតែកកើតកីឡាស្គីទឹកកក។ ក្រុមហ៊ុនចង់ឃើញកីឡាករ ស្គីទឹកកកកម្ពុជាមានការអភិវឌ្ឍសមត្ថភាពខ្ពស់បោះ ជំហានទៅមុខដូច បណ្តាប្រទេសផ្សេងៗទៀត ។
នាយកគ្រប់គ្រងរូបនេះបានបន្តថា ស្បែកជើងដែលក្រុមហ៊ុនខ្លួនបាន ឧបត្ថម្ភដល់អត្តលិកកីឡាស្គីទឹកកកកម្ពុជា គឺជាម៉ាកដែលកីឡាករស្គីទឹកកក លំដាប់ពិភពលោករបស់ប្រទេសកូរ៉េ និងជប៉ុនយកមកពាក់ដើម្បីប្រកួតក្នុងពានរង្វាន់ ស្គីទឹកកកកម្រឹតពិភពលោក។ ក្រុមហ៊ុន មានគម្រោងនាំចូលស្បែកជើងនេះ មកកាន់ទីផ្សារកម្ពុជានាពេលខាង ហើយនិងមានការបញ្ចុះតម្លៃពិសេសសម្រាប់កីឡាករ កីឡាការិនីស្គីទឹកកកកម្ពុជាផងដែរ។ លោកសន្យាថា នឹងបន្តជួយឧបត្ថម្ភសម្ភារ ដល់អត្តលិកកីឡាស្គីទឹកកកកម្ពុជារយៈពេលវែង ប្រសិនបើអត្តពលិកកម្ពុជាបន្តប្រើប្រាស់ ស្បែកជើងម៉ាកនេះ។
ស្បែកជើងដែលយកចេញពីរោងចក្រផលិតដោយផ្ទាល់មានតម្លៃ១៥០ដុល្លារ ប៉ុន្តែសម្រាប់កីឡាករការិនីស្គីទឹកកកជម្រើសជាតិ និងកីឡាករថ្នាលរបស់សហព័ន្ធកីឡា ស្គីទឹកកកកម្ពុជាក្រុមហ៊ុនលក់បញ្ចុះតម្លៃពិសេសតែជាង៥០ដុល្លារប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងតំបន់អាស៊ីទើបតែមានប្រទេសម៉ាឡេស៊ី និងប្រទេស កម្ពុជាប៉ុណ្ណោះដែលទទួលបានការជួយពីក្រុមហ៊ុន ដើម្បីឲ្យកីឡាករក្មេងៗ នៅតំបន់ អាស៊ីមានសម្ភារស្តង់ដារដើម្បីប្រជែងនៅក្នុងព្រឹត្តិការណ៍កម្រឹតតំបន់ និងពិភពលោក ។ អត្តពលិកស្គីទឹកកកម្ពុជាមាន២រូបគឺកីឡាករ សេន ប៊ុនធឿន និងកីឡាករ ខៀវ បញ្ញា គឺជាកីឡាករដែលមានឈ្មោះទៅចូលរួមប្រជែងដណ្តើមមេដាយ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាអំឡុងខែសីហាខាងមុខ ៕ សារីម