ខេត្តបាត់ដំបង៖ បុរសម្នាក់បានទទួលរងរបួសធ្ងន់ត្រូវបានអ្នកភូមិដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខណៈដែលជនរងគ្រោះបើកត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការឲ្យគេហើយបើកជាន់មីនតោនប្រឆាំងរថក្រោះបន្សល់ទុកតាំងពីសម័យសង្រ្គាមបណ្តាលឲ្យផ្ទុះលាន់យ៉ាងកក្រើក។ហេតុការណ៍កើតឡើងកាលពីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអន្លង់ឈើទាល ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ដួង នៀម អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី ឆាង វ៉ាន់ឆ័យ អធិការនគរបាលស្រុកគាស់ក្រឡប្រាប់ឲ្យដឹងថាតំបន់ផ្ទុះមីនខាងលើជាអតីតសមរភូមិសង្រ្គាមវាយប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលកម្ពុជាជាមួយអតីតកងទ័ពអតីតខ្មែរក្រហម។តំបន់នោះដែរក៏នៅមានគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់រាយប៉ាយនៅលើដីនិងនៅក្នុងដី មិនទាន់មានការបោសសំអាតឲ្យអស់នៅឡើយនោះទេ។បច្ចុប្បន្ននេះមានក្រុមអ្នកជំនាញដោះមីន១ក្រុមរបស់ស៊ីម៉ាក បានកំពុងប្រតិបត្តិការ បោសសំអាតមីនក្នុងតំបន់នោះផងដែរ។
លោកអធិការបញ្ជាក់ឲ្យដឹងទៀតថា ដីចម្ការកន្លែងកើតហេតុខាងលើគឺជាដីដែលម្ចាស់ទើបតែរុករានព្រៃចាប់ផ្តើមធ្វើចម្ការលើកដំបូងប៉ុណ្ណោះនៅឆ្នាំនវ។លុះបន្ទាប់មកនៅថ្ងៃកើតហេតុនោះ ម្ចាស់ដីបានជួលត្រាក់ទ័រដើម្បីភ្ជួរដីធ្វើចម្ការ។នៅពេលដែលជនរងគ្រោះភ្ជួរបាន៥ជុំក៏បើកជាន់មីនតោនកប់នៅក្នុងដីចំការនោះបណ្តាលឲ្យផ្ទុះត្រូវជនរងគ្រោះអ្នកបើកត្រាក់ទ័រទទួលរងរបួសធ្ងន់ចំណែកត្រាក់ទ័រវិញរងការខូចខាតផ្នែកខាងមុខធ្ងន់។ជនរងគ្រោះបច្ចុប្បន្នតកំពុងស្ថិតក្នុងការជួយសង្រ្គោះរបស់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមបញ្ជាក់ថា នៅស្រុកគាស់ក្រឡនោះដែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នា២០១៧ កន្លងទៅថ្មីៗនេះដែរ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំបានដើរឃ្វាលគោនៅខាងក្រោយភូមិ ហើយបរើសគ្រាប់ផ្លោង១គ្រាប់ប្រភេទ៦០mm ហើយក្មេងរូបនោះយកអុកលេងនិងគល់ឈើបណ្តាលឲ្យផ្ទុះដាច់ដៃម្ខាងនិងខ្វាក់ភ្នែក ទទួករងរបួសធ្ងន់ផងដែរ។
នៅខេត្តបាត់ដំបងនោះដែរ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសរុបចំនួន២៧៣គ្រាប់ ត្រូវបានអ្នកភូមិ នៅស្រុកសំឡូតប្រទះឃើញកប់នៅក្នុងដីខណៈដែលអ្នកភូមិបានខួងរណ្តៅដីដាំម្រេចស្ថិតនៅចំណុចអូរចោទ ភូមិសុង១ ឃុំសុង ស្រុកសំឡូតខេត្តបាត់ដំបងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីនេះផងដែរ។គ្រាប់យុទ្ធភ័ណ្ឌទាងនោះបានកប់ក្នុងដីនៅសេសសល់ចាប់តាំងអតីតពីសម័យសង្រ្គាមមកម្លេះ។ប្រភេទគ្រាប់៨០mm១១២គ្រាប់,គ្រាប់៦០mm១៥៥គ្រាប់ ,គ្រាប់B៤០ចំនួន១គ្រាប់,គ្រាប់ដេកា៨២ចំនួន១គ្រាប់,គ្រាប់បែកដៃ៣គ្រាប់និងកង់ដង់គ្រាប់B ចំនួន១គ្រាប់។
សូមរំលឹកថាកម្ពុជាបើទោះបីជាទទួលបានសន្តិភាពពិតប្រាកដនៅចុងឆ្នាំ១៩៩៨នោះមែន ប៉ុន្តែគ្រាប់បែក ទម្លាក់និងគ្រាប់មិនទាន់ផ្ទុះនានា នៅរាយប៉ាយតាមកន្លែងមួយចំនួនដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជននៅឡើយនោះទេ។តំបន់ដែលប្រឈមគ្រោះថ្នាក់ញឹកញាប់បំផុតដោយកាកសំណល់សង្រ្គាមទាំងនោះគឺត្រូវគេមើលឃើញថាប្រជាជនរស់នៅខេត្តភាគពាយព្យនៃប្រទេសកម្ពុជាខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលជាអតីតតំបន់សមរភូមិសង្រ្គាមវាយប្រយុទ្ធក្តៅបំផុតនោះ៕ សំ វិច្ឆិកា