ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ជីតូ៖ រយះពេល៦ខែនេះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនជាង៤ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង១ម៉ឺននាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ ថ្លែងនៅក្នុងពិធីអបអរសាទទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(២៦ មិថុនា ២០១៧ ) ក្រោមប្រធានបទចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀនដែលប្រព្រឹត្ដិធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នៅអនុវិទ្យាល័យហ៊ុនសែនអង្គស្នួល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនបានបង្ហាញលទ្ធិផលនៃការបង្រ្កាបក្រុមរងស៊ីជួញដូរនិងចែកចាយថ្នាំញៀនរយៈពេល១ឆមាសក្នុងឆ្នាំ២០១៧នេះ បង្រ្កាបក្រុមជនសង្ស័យរកស៊ីថ្នាំញឿនបានចំនួនជាង៤ពាក់ករណី ចាប់ខ្លួនមនុស្សជាង១ម៉ឺននាក់នៅទូរទាំងប្រទេស ។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក នៃ ចារី អភិបាលរងតំណាងលោក ម៉ៅ ភិរុណ អភិបាលខេត្ដកណ្ដាល និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកក្រុងទាំង១១ អធិការស្រុកក្រុងទាំង១១ចំណុះឲ្យខេត្ដកណ្ដាល លោកគ្រូអ្នកគ្រូសិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់ ។

យោងតាមរបាយការសង្ខេបរបស់លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងនគរបាលខេត្ដកណ្ដាល និងជាអនុប្រធានអចិន្រ្ដៃយ៍ លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនបានបង្ហាញថា គិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ខែកក្កដានេះ កម្លាំងនគរបាលជំនាញបានសហការជាមួយស្រុកបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញឿនចំនួន១៨២ករណី ឃាត់ខ្លួនមនុស្ស២៩០នាក់ ចំណែកមុខសញ្ញាដែលនៅសែសសល់ចំនួន៤៧នាក់បានរត់គេចខ្លួនដោយសមត្ថកិច្ចស្គាល់អត្ដសញ្ញាណអស់ហើយ ។ បង្រ្កាបមុខសញ្ញាប្រើប្រាស់ចំនួន៥១ករណី ឃាត់ខ្លួនមនុស្ស១១២នាក់ និងមុខសញ្ញាសែសសល់ចំនួន៤នាក់បានរត់គេចខ្លួន ចាប់តាមដីកាចំនួន២១ករណី ឃាត់ខ្លួនមនុស្ស២១នាក់ ។ ជាមួយគ្នានេះដែរ កម្លាំងជំនាញបានចុះអប់រំដល់ម្ចាស់ទីតាំងអាជីវកម្មរួមមាន អាហារដ្ឋាន ភោជនីយ៍ដ្ឋាន ខារ៉ាអូខេ ផ្ទះសំណាក់ ហាងកាត់សក់ ការដ្ឋានសំណង់ កសិដ្ឋានចិញ្ចឹមជ្រូក រោងចក្រផលិតជីសរីរាង្គ ត្រួតពិនិត្យរកសារធាតុញៀនចំពោះអ្នកបើកបររថយន្ដតាក់ស៊ីដឹកទំនិញគ្រប់ប្រភេទបានចំនួន៦៥លើក រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន៣នាក់ ហើយតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយអាណាព្យាបាលដើម្បីឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ។

សម្រាប់ភូមិសាស្រ្ដខេត្ដកណ្ដាលមិនមែនជាមូលដ្ឋាននៃការផលិតគ្រឿងញៀននោះទេ គឺជាកន្លែងដែលបាននិងកំពុងទទួលរងនូវឥទ្ធិពលនៃការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ទាំងក្នុងនិងក្រៅតំបន់ដោយសារភូមិសាស្រ្ដខេត្ដកណ្ដាលមានវិសាលភាពហ៊ំព័ទ្ធរាជធានីភ្នំពេញ និងមានព្រុំប្រទល់ជាប់ប្រទេសវៀតណាមដែលបង្កឲ្យមានបញ្ហាស្មុគស្មាញជាច្រើន ពិសេសក្រុងតាខ្មៅ និងស្រុកមួយចំនួនមានព្រុំប្រទល់ជាប់និងរាជធានីភ្នំពេញពាក់ព័ន្ធទៅនិងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍសង្គម ក្នុងនោះប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជន តំបន់ងាយរងគ្រោះ ប្អូនៗយុវជនយុវនារីមួយចំនួនបានធ្លាក់ខ្លួនទៅជាអ្នកញៀននិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មរហូតឈានទៅប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនិងហ៊ានប្រព្រឹត្ដបទល្មើសផ្សេងៗ បាត់បង់កិត្ដិយស គ្មានសុភមង្គលនិងបានក្លាយជាបន្ទុកយ៉ាងធ្ងរ សម្រាប់គ្រួសារ សហគមន៍និងសង្គមជាតិទាំងមូល ។

បន្ទាប់ពីស្ដាប់របាយការណ៍និងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចប់លោក ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនបានមានមតិសំណេះសំណាលដូច្នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកលនិងជាឧក្រិដ្ឋកម្មឆ្លងដែនដែលអាចបង្កមហន្ដរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ សហគមន៍និងសង្គមជាតិទាំងមូល ។ សម្រាប់ប្រទេសកម្ពុជាយើងមិនមែនជាមួលដ្ឋានផលិតគ្រឿងញៀននោះទេ គឺជាទីតាំងកំពុងតែទទួលរងឥទ្ធិពលនៃការចរាចរណ៍ថ្នាំញៀនឆ្លងកាត់មកពីប្រទេសឡាវ ម៉ីយ៉ាន់ម៉ានិងប្រទេសថៃ នាំយកទៅកាន់ប្រទេសមួយចំនួនផ្សេងទៀត ។ ស្របពេលជាមួយគ្នាដែរ ក្រុមជនសង្គមងងឹតរកស៊ីជួញដូរថ្នាំញៀនឆ្លងដែនក៏ឆ្លៀតឳកាសចែកចាយនិងជួញដូរថ្នាំញៀននៅក្នុងប្រទេសកម្ពុជាតែម្ដង ។ រយះពេល៦ខែកម្លាំងជំនាញបង្រ្កាបបានក្រុមរកស៊ីជួញដូរគ្រឿងញៀនជាង៤ពាន់ករណី ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់និងរឹបអូសយកទ្រព្យសម្បត្ដិដែលបានមកពីការជួញដូរថ្នាំញៀនជាច្រើនកន្លែងដកហូតជាសម្បត្ដិរដ្ឋ ។ ដោយឡែកអ្នកសេពគ្រឿងញៀនត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមន្ទីរអប់រំកែប្រែដើម្បីបន្សាបគ្រឿងញៀន ។

លោក ម៉ក់ ជីតូ បានបន្ដថា ឥឡូវនេះរាជរដ្ឋាភិបាលបានសម្រេចសងសង់អគារបន្សាបថ្នាំញៀនមានទីតាំងនៅតំបន់កែវផុស ដើម្បីជួយសង្រ្គោះជនរងគ្រោះដោយសារថ្នាំញៀនព្រោះទីកន្លែងដែលបង្កើតកន្លងមកបានបំរើសេវាបន្សាបថ្នាំញៀនដល់អ្នកដែលញៀនថ្នាំមិនទាន់សមប្រកបទៅតាមការចង់បាននោះឡើយ ទើបរាជរដ្ឋាភិបាលសាងសង់ទីកន្លែងបន្សាបអ្នកញៀនថ្នាំថ្មីមួយទៀតមានលក្ខណៈធំទូរលាយ ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន សូមអំពាវនាវដល់អាណាព្យាបាល មាតាបិតាត្រូវចូលរួមផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធករណីកូនចៅរបស់ខ្លួនសេពគ្រឿងញៀនដើម្បីបញ្ជូនខ្លួនទៅមន្ទីរបន្សាបគ្រឿងញៀន សូមកុំលាក់លាមព័ត៌មានឲ្យសោះ ការធ្វើបែបនេះគឺមានន័យថា ជួយសង្រ្គោះកូនចៅឲ្យបានប្រសើរឡើង ។ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានបើពិនិត្យឃើញថា មានអ្នកសេពគ្រឿងញៀនក្នុងភូមិសាស្ត្ររបស់ខ្លួនសូមរាយការណ៍ទៅសមត្ថកិច្ចដើម្បីចាត់វិធានការបង្រ្កាបទប់ស្កាត់ឲ្យទាន់ពេលវេលា ៕ ស្អាងជ័យ


ចែករំលែក៖