ខេត្តស្វាយរៀង៖ អភិបាលរងក្រុងបាវិតលោកលឹម សៀងហេង បានថ្លែងថា លោកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលជាប់ឆ្នោតថ្មីគឺប្រជាពលរដ្ឋមានសេចក្ដីទុកចិត្ត ក្នុងការដឹកនាំសង្កាត់ទើបបងប្អូនបោះឆ្នោតជូន និងត្រូវបន្តបន្តពង្រីកពង្រឹងថែមទៀតដើម្បីអភិវឌ្ឍន៍សង្កាត់មូលដ្ឋានភូមិរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីអភិបាលរងក្រុងបាវិតលោកលឹម សៀងហេង បានប្រគល់ត្រាដល់លោកខាំ រឿន ប្រធានក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី នៅសាលាសង្កាត់ព្រៃអង្គុញក្រុងបាវិត ។
អភិបាលរងក្រុងបាវិតបន្តថា សូមលោក ខាំ រឿន ចៅសង្កាត់អាណត្តិថ្មី ត្រូវចេះសាមគ្គីភាពគ្នា សហការក្នុងជួរក្រុមប្រឹក្សាគ្នាទៅវិញទៅមក និងត្រូវរកដំណោះស្រាយជូនដល់ប្រជាពលរដ្ឋ និងជំរុញកិច្ចអភិវឌ្ឍន៍ភូមិឃុំ សង្កាត់ឲ្យមានការប្រែប្រួលរីកចម្រើនថ្មីថែមទៀត។
លោកបន្តថា ក្រោមដំបូលរាជរដ្ឋាភិបាល និងមិនត្រូវបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយត្រូវខិតខំលើកម្ពស់ការចូលរួមបំពេញការងារជាក្រុម ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដើម្បីជាតំណាងឲ្យសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានក្នុងសង្កាត់និងត្រូវជំរុញការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត ៕ យឹម សុថាន